ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០មីនាថា ខ្លួនមានភស្តុតាងថ្មីបង្ហាញថារុស្ស៊ីកំពុងសម្លឹងមើលម្តងទៀតទៅកាន់កូរ៉េខាងជើងសម្រាប់អាវុធដើម្បីបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន ដែលលើកនេះនៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងផ្តល់ឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងនូវអាហារនិងទំនិញចាំបាច់ផ្សេងៗជាថ្នូរ។
វាជាការចោទប្រកាន់ចុងក្រោយបង្អស់ដែលថា រុស្ស៊ីដែលកំពុងចង់បានសព្វាវុធនិងកំពុងរងការដាក់ទណ្ឌកម្មនិងការគ្រប់គ្រងការនាំចេញនោះកំពុងងាកទៅរកប្រទេសកូរ៉េខាងជើងដើម្បីជួយខ្លួនបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ចន ខឺប៊ី (John Kirby) បាននិយាយថា “ជាផ្នែកនៃកិច្ចព្រមព្រៀងដែលបានស្នើឡើងនេះរុស្ស៊ីនឹងទទួលបានអាវុធនិងគ្រាប់ជាង២០ប្រភេទពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ យើងក៏បានដឹងដែរថា រុស្ស៊ីកំពុងព្យាយាមបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ហើយថារុស្ស៊ីនឹងផ្តល់អាហារដល់កូរ៉េខាងជើងជាថ្នូរនឹងគ្រាប់”។
រដ្ឋបាលបៃដិនពីមុនបានបញ្ចេញការណ៍សម្ងាត់ដើម្បីបង្ហាញភស្តុតាងថាអ៊ីរ៉ង់បានលក់ដ្រូនវាយប្រហាររាប់រយគ្រឿងឱ្យទៅរុស្ស៊ីនៅរដូវក្តៅ ហើយថាក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី Wagner Group បាននាំយកអាវុធពីកូរ៉េខាងជើងដើម្បីជួយពង្រឹងកងកម្លាំងរបស់ខ្លួន ខណៈពួកគេប្រយុទ្ធរួមដៃជាមួយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន។
អ្នកជំនាញជឿថា ស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើងគឺអាក្រក់បំផុតមិនធ្លាប់មាននៅក្រោមការគ្រប់គ្រងរយៈពេល ១១ ឆ្នាំរបស់លោកគីម ជុងអ៊ុនប៉ុន្តែពួកគេនៅតែនិយាយថាពួកគេមិនទាន់ឃើញមានសញ្ញានៃគ្រោះទុរ្ភិក្សឬមនុស្សស្លាប់ច្រើននៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីដើមខែនេះថាលោកគីមបានប្តេជ្ញាពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើវិស័យកសិកម្ម និងចាត់វិធានការផ្សេងទៀតដើម្បីបង្កើនផលិតកម្មគ្រាប់ធញ្ញជាតិ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន បាននិយាយកាលពីខែមុនថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកបានលើកឡើងថា ចិនកំពុងពិចារណាផ្តល់អាវុធនិងគ្រាប់ដល់រុស្ស៊ីប៉ុន្តែមន្ត្រីសេតវិមាននិយាយថា ពួកគេមិនទាន់ឃើញភស្តុតាងបញ្ជាក់ថាចិនបានអនុវត្តការដឹកជញ្ជូននិងប្រគល់អាវុធដល់រុស្ស៊ីទេ៕
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ចន ខឺប៊ី