ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សមិទ្ធផលនានា នៅក្នុងវត្តពោធ្យារាម ហៅវត្តអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមមាន ព្រះវិហារ ពោធិព្រឹក្ស ស្រះមុចលិន្ទ ផ្លូវបេតុង រោងទូក ង និងបន្ទប់ទឹក រោងចំរោះទឹកស្អាត បើគិតសរុបថវិកា អស់ចំនួន ១៣៤.៤៧៤ ដុល្លារ ត្រូវបានធ្វើ ពិធីបុណ្យឆ្លង និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣។
ព្រះរតនៈឧត្ដម សួង វីរៈ ព្រះគ្រូចៅអធិការវត្តអង្គាបុស្ស មានសង្ឃដីការថាៈ សមិទ្ធផលថ្មីៗ ដែលបានធ្វើបុណ្យឆ្លង ចេញជាផ្លែផ្កា រួចជាស្ថាពរទាំងអស់ កេីតចេញពីសទ្ធា ជាសប្បុរសរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងបុត្រាបុត្រីប្រជាពុទ្ធបរិស័ទ ប្រជាជនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស។
លោកឧត្តមសេនីយ៍ អាត់ ខែម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងលោក ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោត សរសើរ ដោយស្មោះចំពោះសប្បុរសជន ប្រជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនឡើង។
លោក អាត់ ខែម បានបន្តថាៈ អ្វីដែលយើងសម្រេចបាន នាពេលនេះ ក៏ដោយសារ ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ តាមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ពិតជាត្រូវការសន្តិភាព និងត្រូវចូលរួម ការពារសន្តិភាពទាំងអស់គ្នា។
ចុងបញ្ចប់ មានបំពាក់នូវគ្រឿងឥស្សរិយយស ប្រគេនដល់ព្រះសង្ឃ អស់លោក លោកស្រី មន្ត្រីសប្បុរសជន៕/V-PC