ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថ្លៃប្រេងឆៅបានហក់ឡើងនៅក្នុងជំនួញនាព្រឹកថ្ងៃសុក្រនេះនៅផ្សារអាស៊ី នៅពេលអារម្មណ៍ទីផ្សារត្រូវបានជំរុញដោយកំណើននៃសកម្មភាពរោងចក្រនៅចិន ដែលជាប្រទេសប្រើប្រាស់ប្រេងធំបំផុតទីពីរលើកលោក និងចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងមកពីមជ្ឈិមបូព៌ា។
ប្រេងឆៅBrentបានកើនឡើង១៥សេន ឬ០,១៩ភាគរយរហូតដល់ថ្លៃ៧៩,៤២ដុល្លារក្នុងមួយបារ៉ែលនៅពេលប្រេងWTIនៅផ្សារអាម៉េរិកកើនឡើង១៧សេនដល់៧៤,៥៤ដុល្លារក្នុងមួយបារ៉ែល ។
សកម្មភាពរោងចក្រចិនបានកើនឡើងនៅខែមីនាក្នុងល្បឿនកាន់តែយឺតទៅ ធៀបនឹងកំណើនបំបែកឯតទគ្គកម្មកាលពីខែកុម្ភៈ តែវានៅតែលើសការរំពឹងទុកដោយពួកអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សកម្មភាពឧស្សាហកម្មនៅចិនបានក្លាយជាការកំណត់ថ្លៃដ៏សំខាន់មួយនៅប៉ុន្មានសប្តាហ៍មកនេះ ក្រោយចិនបញ្ចប់ការរឹតបន្តឹងប្រឆាំងកូវីដ ចំពេលតំរូវការសកលកាន់តែខ្សោយទៅ។
កាលពីថ្ងៃព្រហស្បតិ៍ប្រេងឆៅបានកើនថ្លៃជាង១ភាគរយដោយសារតែស្តុកប្រេងឆៅអាម៉េរិកធ្លាក់ចុះនិងការបញ្ឈប់ការនាំចេញប្រេងពីតំបន់ឃឺដឌីស្តង់នៅអ៊ីរ៉ាក់និងសម្ពាធអោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងរុស្ស៊ី។
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា សកម្មភាពឧស្សាហកម្មចិនបានកើនឡើងក្នុងល្បឿនយឺតទៅនៅខែមីនា ចំពេលតំរូវការសកលកាន់ខែខ្សោយនិងទីផ្សារអចលនទ្រព្យបន្តដាំក្បាលចុះ។
សកម្មភាពសេដ្ឋកិច្ចចិនបានស្ទុះឡើងនៅពីរខែដំបូងនៃឆ្នាំ២០២៣ នៅពេលការប្រើប្រាស់និងការវិនិយោគលើហេដ្ឋារចនាសម្ពន្ធបានរុញការរើបរើឡើងវិញក្រោយចិនបញ្ចប់ការបិទខ្ទប់ដើម្បីគ្រប់គ្រងកូវីដ១៩និងការលក់រាយបានវិលមកកាន់កំណើនឡើងវិញ។តែកម្លាំងនៃការរើបរើមានបញ្ហា ដោយសារការនាំចេញនៅខ្សោយហើយការលក់ផ្ទះថ្មីនៅបន្តធ្លាក់ ។
សូមបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងលោកនេះ បានកំណត់កំណើនសេដ្ឋកិច្ចក្នុងកំរិតល្មមមួយគឺ៥ភាគរយសំរាប់ឆ្នាំនេះ ក្រោយសំរេចបានតែ៣ភាគរយកាលពីឆ្នាំទៅ ជាកំណើនទាបបំផុតនៅចិនក្នុងរយៈពេលកន្លះសតវត្សរ៍នេះ ដោយសារតែចិនស្ថិតក្រោមការបិទខ្ទប់ប្រឆាំងនឹងជំងឺឆ្លង។
ដើម្បីគាំទ្រការរើបរើឡើងវិញ ធនាគារកណ្តាលចិននៅខែនេះបានកាត់បន្ថយប្រាក់តម្កល់របស់បណ្តាធនាគារផ្តល់កំចីដើម្បីជួយបញ្ចេញសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច៕
វិស័យឧស្សាហកម្មចិនកំពុងរងសម្ពាធពីតំរូវការសកលចុះខ្សោយនិងថ្លៃដើមខ្ពស់