ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក យី វាសនា អគ្គលេខាធិការគណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានជំនឿចិត្តថា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកម្ពុជា នឹងរកមេដាយបានច្រើនជាងមុនមិនខាន។
សូមបញ្ជាក់ថា កាលពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនណេស៊ី កម្ពុជា ដណ្តើមបានរហូតដល់ ២៨ គ្រឿង ហើយសមិទ្ធផលនេះ គឺជាកម្លាំងជម្រុញទឹកចិត្ត ដល់អត្តពលិកជនពិការ ឱ្យខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមខ្លួនសម្រាប់ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ឱ្យទទួលបានជោគជ័យ ផងដែរ។
អាស៊ានប៉ារ៉ាហ្គេម ៩ លើក កន្លងទៅ ប្រៀបធៀបនឹងកាលពីឆ្នាំ២០០១ បាន ៣ គ្រឿង, ឆ្នាំ២០០៣ បាន ៩ គ្រឿង, ឆ្នាំ២០០៥ បាន ៥គ្រឿង, ឆ្នាំ២០០៧ បាន ១គ្រឿង, ឆ្នាំ២០០៩ បាន ៧ គ្រឿង, ឆ្នាំ២០១១ បាន ៧ គ្រឿង, ឆ្នាំ២០១៣ បាន ៩ គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន ១០ គ្រឿង។ ចំពោះឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ម្ចាស់ផ្ទះ មិនបានរៀបចំឡើយ ហើយឆ្នាំ២០២១ ដែលត្រូវធ្វើនៅវៀតណាមនោះ វៀតណាម ក៏មិនធ្វើដែរ តែប្រទេសឥណ្ឌូណេស៊ី ទទួលធ្វើម្ចាស់ផ្ទះជំនួស ៕/V-PC