ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ទី៣០មីនា នាង ជីវីណេត ផាល់ត្រូវ (Gwyneth Paltrow) បានឈ្នះក្តីរបស់នាងប្រឆាំងនឹងគ្រូពេទ្យភ្នែកចូលនិវត្តន៍ លោក ធឺរី សាន់ឌឺសុន (Terry Sanderson) ដែលបានអះអាងថានាងបានជិះស្គីបុកគាត់ក្នុងឆ្នាំ ២០១៦ ដែលបណ្តាលឱ្យគាត់ខូចខួរក្បាលអចិន្ត្រៃយ៍។
អង្គប្រឹក្សាយោបល់បានរកឃើញថា លោកសាន់ឌឺសុនអាយុ ៧៦ ឆ្នាំគឺជាអ្នកដែលត្រូវស្តីបន្ទោសចំពោះការជិះស្គីបុកគ្នានៅរមណីយដ្ឋានស្គីដ៏ប្រណីតនៅរដ្ឋយូថា កាលពីប្រាំពីរឆ្នាំមុន។ វាត្រូវចំណាយពេលតែពីរម៉ោងនិង២០នាទីប៉ុណ្ណោះសម្រាប់អង្គប្រឹក្សាយោបល់សម្រេចចេញសាលក្រមកាលពីថ្ងៃព្រហស្បតិ៍។
នាងបានបន្ទន់កាយវិការលោតកញ្ឆេងហើយសម្លឹងមើលទៅមេធាវីរបស់នាងជាមួយស្នាមញញឹមតិចៗ នៅពេលដែលចៅក្រមអានសាលក្រមនៅក្នុងបន្ទប់សវនាការក្រុងផាកស៊ីធី (Park City)។
ពេលនាងចាកចេញ តារាស្រីរូបនេះបានឱនទៅលើស្មារបស់លោកសាន់ឌឺសុន ហើយខ្សឹបអ្វីមួយទៅត្រចៀករបស់គាត់។
ការសម្រេចនេះកើតឡើងក្រោយពេលការផ្សាយផ្ទាល់ក្នុងបន្ទប់សវនាការ៨ថ្ងៃ ដែលបានទាក់ទាញទស្សនិកជនទូទាំងពិភពលោកហើយបានក្លាយជាវប្បធម៌តាមដានរឿងក្តីដ៏ពេញនិយម។
ថ្លែងនៅក្រៅតុលាការ មេធាវីរបស់លោកសាន់ឌឺ គឺលោកស្រី គ្រីស្ទីន វ៉ាន់ អូមែន (Kristin Van Orman) បាននិយាយថាលោកស្រីមិនចាប់អារម្មណ៍ភាពល្បីល្បាញពីការសវនាការរបស់នាងផាល់ត្រូវទេ ហើយបានបន្ថែមថា “ខ្ញុំបានធ្វើជាមេធាវីអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយអង្គប្រឹក្សាយោបល់មិនដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលស្អីទេ”។
អំពីលោកសាន់ឌឺសុន លោកស្រីបានបន្ថែមថា “គាត់កំពុងរងទុក្ខ គាត់ជាបុរសល្អណាស់”។
លោកសាន់ឌឺសុនបានកំពុងជិះស្គីជាមួយមិត្តម្នាក់ក្នុងឆ្នាំ២០១៦ នៅពេលលោកថានាងផាល់ត្រូវបានជិះស្គីបុកគាត់ពីក្រោយខ្នងបង្ករបួសជាច្រើនកន្លែង។ នាងផាល់ត្រូវ បានកំពុងដើរលេងវិស្សមកាលលក្ខណៈគ្រួសារជាមួយកូនៗរបស់មិត្តប្រុសនាងឈ្មោះ ប្រ៊ែត ហ្វាល់ឆាក់ (Brad Falchuk)ហើយនាងនិយាយថាលោកសាន់ឌឺសុនទេជាអ្នកជិះស្គីបុកនាងមុន។ ហ្វាល់ឆាក់និងផាល់ត្រូវបានរៀបការក្នុងខែកញ្ញា ឆ្នាំ២០១៨។
លោកសាន់ឌឺសុនបានប្តឹងទាមទារសំណងកាលពីខែមករាឆ្នាំ ២០១៩ ដោយដំបូងចង់បាន ៣,១ លានដុល្លារ។ ទឹកប្រាក់នេះត្រូវបានចៅក្រមបន្ថយមកត្រឹម ៣០០.០០០ដុល្លារជាសំណងសម្រាប់របួសដែលគាត់បានទទួលរង។
បន្ទាប់មក នាងផាល់ត្រូវបានដាក់ពាក្យប្តឹងបកវិញដោយទាមទារសំណងត្រឹម ១ ដុល្លារ និងការចំណាយផ្លូវច្បាប់របស់នាង៕
នាងផាល់ត្រូវឈ្នះក្តីលើលោកសាន់ឌឺសុនរឿងជិះស្គីបុកគ្នាកាលពីឆ្នាំ២០១៦