ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាយុគ្រាន់តែជាតួលេខសម្រាប់លោកយាយរូបនេះប៉ុណ្ណោះ ក្រោយគាត់បានរត់ប្រណាំងសប្បុរសធម៌ចម្ងាយ ១០ គីឡូម៉ែត្រក្នុងចក្រភពអង់គ្លេសក្នុងថេរៈវេលា ៨៥ នាទី ដើម្បីអបអរសាទរខួបគម្រប់ ៨៥ ឆ្នាំរបស់គាត់។
លោកយាយ បាបារ៉ា ថាក់រ៉េ (Barbara Thackray) ជាអ្នកចូលរួមតែម្នាក់គត់ដែលមានអាយុលើសពី ៨០ ឆ្នាំ។លោកយាយក៏បានកំណត់ពេលវេលាដ៏ល្អបំផុតផ្ទាល់ខ្លួនផងដែរនៅឯការរត់ប្រណាំងឈ្មោះ Run North West Trafford កាលពីថ្ងៃទី ៥ ខែមីនា ដើម្បីជួយរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យ St Ann’s Hospice ក្នុងទីក្រុងម៉ាន់ឆេស្ទើ។
សាស្ត្រាចារ្យមហាវិទ្យាល័យចូលនិវត្តន៍ ដែលរត់ ១០ គីឡូម៉ែត្រពីរដងក្នុងមួយសប្តាហ៍ដើម្បីរក្សាសុខភាពរូបនេះ បានប្រាប់វេបសាយ Manchester Evening News ថា”ខ្ញុំបានរៃអង្គាសប្រាក់បានជិត ២.០០០ ផោនពីការរៃអង្គាសថវិកាទាំងអស់ដែលខ្ញុំបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
“ការប្រណាំងនេះតែងតែពិសេសសម្រាប់ខ្ញុំ ដោយសារគ្រួសាររបស់ខ្ញុំមកពីទូទាំងប្រទេសមករត់ជាមួយខ្ញុំ ហើយអ្នកខ្លះបានឆ្លងផុតខ្សែព្រ័ត្រជាមួយខ្ញុំផងដែរ!”។
លោកយាយថាក់រ៉េ ដែលចាប់ផ្តើមរត់ប្រណាំងនៅអាយុ ៧៧ ឆ្នាំ បានរត់ប្រណាំងជាមួយនឹងសមាជិកគ្រួសាររបស់លោកយាយចំនួន ១១ នាក់។លោកយាយត្រូវបានស្វាគមន៍ដោយបដានិងនំខួបកំណើតនៅពេលលោកយាយឆ្លងផុតខ្សែព្រ័ត្រ។
លោកយាយបានរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យ St Ann’s Hospice អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ វាគឺជាវិធីរបស់លោកយាយក្នុងការផ្តល់ឱ្យវិញដល់មណ្ឌលថែទាំ ដែលបានមើលថែបងស្រីរបស់គាត់ ដែលបានលាចាកលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
ថ្មីៗនេះ លោកយាយត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកតំណាងផ្សាយពាណិជ្ជកម្មថ្មីរបស់ Adidas រួមជាមួយនឹងកីឡាករបាល់ទាត់ Liverpool ម៉ូ សាឡាស (Mo Salah)៕
លោកយាយថាក់រ៉េរត់ប្រណាំងដល់ទីព្រ័ត្រកាលពីថ្ងៃទី៥មីនាកន្លងទៅ