ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញនោះ វិស័យទេសចរណ៍កម្ពុជាក៏បានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។នៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិរហូតប្រមាណ ២,២៨ លាននាក់ដែលមានកំណើនជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ចំណែកប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាងប្រាំមួយដង ក្នុងកំឡុងពេលដូចគ្នា ។កំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់។ នេះជាការបញ្ជាក់របស់បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriott Phnom Penh) កាលពីព្រឹកទី៣១ ខែមីនា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលនឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។ រាជរដ្ឋាភិបាល បានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរនៅពេលដែលប្រទេសត្រូវបានបើកដំណើរការពេញលេញឡើងវិញ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ ដូចមានការវិនិយោគបង្កើតសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេ ញនេះជាសក្ខីភាពស្រាប់៕សរន