​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក យ៉ូ​ស៊ីម៉ាសា ហា​យ៉ា​ស៊ី​(Yoshimasa Hayashi)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​នឹង​ទៅធ្វើ​ទស្សនកិច្ច​ចិន​នៅ​ចុង​សប្តាហ៍​នេះ​​ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគីចិន ឈីន ហ្កាង ។​

​លោក​នឹង​ជា​អ្នកការទូត​កំពូល​ជប៉ុន​លើកដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ចិន​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ​ចំពេល​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​បញ្ហា​ប្រេះស្រាំ​នឹង​គ្នា រួម​មាន​ការចាប់ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់​​កាលពី​ពេល​ថ្មីៗ​នៅ​ក្រុង​ប៉េកាំង​ផងដែរ​។​

​លោក ហា​យ៉ា​ស៊ី សង្ឃឹមថា​នឹង​មាន​ការ​ផ្លាស់ប្តូរ​ទស្សនៈ​ដោយ​ត្រង់ៗ​និង​ស៊ី​ជំរៅ​ឆ្ពោះទៅ​បង្កើត​ទំនាក់ទំនង​បែប​ស្ថាបនា​និង​នឹងនរ​មួយ​ក្នុងពេល​លោក​ពិភាក្សា​ជាមួយ​លោក​ឈីន និង​មន្ត្រី​ចិន​ដទៃទៀត​​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ចាប់ពី​ថ្ងៃ​១​ដល់​២​មេសា​។​

​គេ​ក៏​រំពឹង​ថា​លោក​នឹង​ទាមទារ​អោយ​ដោះលែង​ជនជាតិ​ជប៉ុន​ដែល​កំពុង​ត្រូវ​ឃុំខ្លួន ពិភាក្សា​អំពី​ការព្រួយបារម្ភ​អំពី​សន្តិសុខ​នៅក្នុង​តំបន់​និង​ស្នើសុំ​អោយ​ចិន​ប្រព្រឹត្ត​ដោយ​ទទួលខុសត្រូ​វ​លើ​បញ្ហា​សកល​​រួម​មាន​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​លោក ហា​យ៉ា​ស៊ី បាន​កត់សំគាល់ថា មាន​កិច្ចព្រមព្រៀង​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​បែប​ស្ថាបនា​និង​នឹង​នរ​មួយ តែ​លោក​ថា​«​ទំនាក់ទំនង​ជប៉ុន​-​ចិន​កំពុង​ជួប​ការប្រ​​ឈម​និង​ការបារម្ភ​ជា​ច្រើន តែ​នៅ​តែ​មាន​ឳ​កាស​សំរាប់​កិច្ចសហការ​គ្នា​»​។​

​ទោះជា​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ធុរកិច្ច​ជិតដិត​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ ក៏​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូនិង​ប៉េកាំង​កាន់តែ​មើលមុខគ្នាមិនចំនៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅពេល​ជប៉ុន​គិត​ថា​ចិន​កាន់​​តែ​មាន​ឥទ្ធិពល​ក្នុង​តំបន់​ដែល​ជា​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​។​

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក យ៉ូ​ស៊ីម៉ាសា ហា​យ៉ា​ស៊ី បាន​និយាយថា វា​សំខាន់​ក្នុង​ការស្ថាបនា​ទំនាក់ទំនង​បែប​ស្ថាបនា​និង​នឹង​នរ​មួយ​ជាមួយ​ចិន​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ជនជាតិ​ជប៉ុន​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចារ​កម្ម ដោយ​ជនល្មើស​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​និង​ច្បាប់​ប្រឆាំង​ចារកម្ម​របស់​ចិន​។​ក្រសួង​ក៏​បាន​​សុំអោយ​រដ្ឋាភិបាល​ជប៉ុន​អប់រំ​ពលរដ្ឋ​ខ្លួន​អោយ​យល់ដឹង​អំពី​ច្បាប់​ទាំងនេះ​។​

​សូមបញ្ជាក់​ថា ជនជាតិ​ជប៉ុន​ជាង​ដប់​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិននៅមួយ​ឆ្នាំ​ជាង​មក​នេះ​ដោយសារ​ធ្វើការ​ច​រកម្ម​។​

​សូមបញ្ជាក់​ថា ដោយ​គិត​ថា​ចិន​ជា​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន ជប៉ុន​បាន​និង​កំពុង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​ជាមួយ​បណ្តាប្រទេស​ដែល​មាន​ចិត្តគំនិត​ដូចគ្នា​នៅក្នុង​តំបន់​និង​នៅ​​អឺរ៉ុប​ព្រមទាំង​អង្គការ​ណា​តូ ហើយ​ជំរុញ​ទស្សនៈ​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​»​មួយ​ដើម្បី​ទប់ទល់​នឹង​ចិន​។​

​ក្រោយ​ធ្វើ​ទស្សនកិច្ច​ចិន លោក ហា​យ៉ា​ស៊ី នឹង​ទៅ​កាន់​ទីក្រុង​ព្រុច​សែល​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រប​ស់រដ្ឋមន្ត្រី​ការបរទេស​ណា​តូ​ដើម្បី​បញ្ជាក់​ការតាំង​ចិត្ត​របស់​ជប៉ុន​ឡើង​វិញ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក​​លើ​ច្បាប់​និង​ពង្រឹង​កិច្ចសហការ​រវាង​ជប៉ុន​និង​ណា​តូ​ក្នុង​ការឆ្លើយតប​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ព្រមទាំង​បញ្ហា​សំខាន់ៗ​ដទៃទៀត​។​

​ជប៉ុន​ក៏​បារម្ភ​អំពី​សមយុទ្ធ​យោធា​រួមគ្នា​កាន់តែ​កើនឡើង​រវាង​ចិន​និង​រុស្ស៊ី​នៅ​ជុំវិញ​ជប៉ុន​៕