​ម្ចាស់​ដី​ស្របច្បាប់​សុំ​សម្តេច​ហ៊ុនសែន​មេ​តា្ត​ជួយ​រក​យុត្តិធម៌​ចំពោះ​ការរំលោភបំពាន​

1931
ចែករម្លែក

​ដោយៈ​ហូ​សាន់​/​ភ្នំពេញៈ​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​នៅ​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​បាន​រង​ការរំលោភបំពាន​ពី​ក្រុមមនុស្ស​ចំនួន​ជាង​១០​គ្រួសារ​បានមក​តាំងទី​លំនៅ​ដោយមាន​ការជួយ​គាំទ្រ​ពី​អ្នកមានអំណាច​និង​មន្ត្រី​ខ្លះ​ដែល​ធ្វើឱ្យ​សភាពការណ៍​កើតឡើង​យ៉ាង​អយុត្តិធម៌​។

​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​បានស្នើ​សុំ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​មេ​តា្ត​សុំ​ជួយ​រក​យុត្តិធម៌​ក្នុងករណីនេះ​។​

​លោក​ឯល​សេន​ជា​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​បានឱ្យដឹងថា​លោក​បាន​ទិញ​ដី​ទំ​ហ៊ំ​២​ហិកតា​៧០,៥៥​ស​ង្ទី​អារ​នៅ​ចំណុច​ភូមិ​៧​សង្កាត់​ខ្សា​ម​ក្រុង​/​ខេត្តកំពង់ឆ្នាំង​ហើយ​បានស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដោយ​ទទួលបាន​នៅ​ឆ្នាំ​១៩៩៧​។​

ប័ណ្ណកម្មសិទ្ធិ​ដែលមាន​លេខក​.​ឆ​001681​ចុះ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​១៩៩៧​ចុះហត្ថលេខា​ដោយ​ប្រធាន​នាយកដ្ឋាន​សុរិយោដី​ស្តីទី​លោក​លឹម​វ៉ាន់​។​បន្ទាប់មក​ក៏បាន​អាស្រ័យ​ផល​ដោយ​ធ្វើស្រែ​ប្រាំង​រហូតមក​។​

​លោក​ឯល​សេន​បាន​បន្តថា​លុះ​មកដល់​អំឡុង​ឆ្នាំ​២០១៥​តាម​ផែនការអភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​តំបន់​មាត់ទន្លេ​រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែលមាន​លំនៅ​លើ​ផ្ទៃ​ទឹក​ឡើងមក​លើគោក​ដោយមាន​ទាំង​របប​គោលនយោបាយ​ផងដែរ​។

​ប៉ុន្តែ​មនុស្ស​ដែលមាន​ចំនួន​១៧​គ្រួសារ​បាន​អូស​ផ្ទះ​បណ្តែត​ទឹក​របស់ខ្លួន​មក​តាំងទី​លំនៅ​លើដី​របស់លោក​តែម្តង​។​ក្នុងនោះ​ពួកគេ​អះអាងថា​បាន​ទិញ​ពី​ឈ្មោះ​ចក់​គឺ​ឈ្មោះ​ចក់​នេះ​គ្មាន​លិខិតស្នាម​អ្វី​បន្តិច​សោះ​។​

​លោក​ឯល​សេន​បាន​បន្តថា​ជាមួយ​ការឃុបឃិត​គ្នា​លក់​ទិញ​ដី​របស់​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​នេះ​គឺមាន​ការគាំទ្រ​ពី​ជន​មានអំណាច​និង​មន្ត្រី​ខិលខូច​មួយចំនួន​នៅ​ពីក្រោយ​ខ្នង​ទើបបាន​ធ្វើឱ្យ​សភាពការណ៍​កាន់តែ​អាក្រក់​ឡើង​រវាង​ម្ចាស់​ដី​និង​អ្នក​តាំងទី​លំនៅ​លើដី​របស់គេ​។​ជាមួយ​នោះ​ធ្វើឱ្យ​ស្ថានការណ៍​រំលោភបំពាន​កាន់តែ​ព្រហើន​ដែល​អាជ្ញាធរ​ពិបាក​គ្រប់គ្រង​។​

​លោក​ឯល​សេន​បាន​បន្តថា​បន្ទាប់ពីនោះ​លោក​បាន​ប្តឹងទៅ​អាជ្ញាធរ​តាម​លំដាប់ថ្នាក់​សង្កាត់​,​ក្រុង​,​និង​ខេត្ត​សុំ​ជួយ​អន្តរា​គម​និង​ដោះស្រាយ​។​ប៉ុន្តែ​អាជ្ញាធរ​មិនមាន​លទ្ធភាព​ដោះស្រាយ​ហើយ​បាន​ជម្រុញ​ឱ្យ​លោក​ប្តឹងទៅ​តុលាការ​។​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៧​លោក​ឯល​សេន​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​។

​តាម​សំណុំរឿង​រក្សា​ការពារ​លេខ​៧២​ចុះ​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៨​តុលាការ​បានចេញ​ដីកា​រក្សា​ការពារ​លេខ​៣២/២០១៧​ចុះ​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៧​លើ​ទំ​ហ៊ំ​ដី​ជាង​២.០០០​ម៉ែត្រ​ការេ​ដែល​ជាង​១០​គ្រួសារ​តាំងទី​លំនៅ​លើ​ជ្រុងដី​ជាង​២​ហិកតា​ដែល​លោក​ឯល​សេន​ជា​ម្ចាស់​នោះ​។​

​ក្នុងនោះ​ក៏មាន​ដី​សម្រាប់​បញ្ចុះសព​បងប្អូន​អ៊ីស្លាម​ជាង​២.០០០​ម៉ែត្រការ៉េ​ដែរ​។​តែ​ដី​បញ្ចុះសព​បងប្អូន​អ៊ីស្លាម​ជាង​២.០០០​ម៉ែត្រការ៉េ​នេះ​លោក​ឯល​សេន​បាន​បរិច្ចាគ​ជូន​សហគម​អ៊ីស្លាម​រួចហើយ​និង​បាន​ជួយ​ថិ​វិកា​ដល់​គ្រួសារ​សព​ចំនួន​ពីរ​នាក់​ក្នុង​ម្នាក់​៣០​ម៉ឺន​រៀល​ដែល​បាន​យក​សព​បញ្ចុះ​នៅលើ​ដី​នោះ​ទៀតផង​។​ការធ្វើសម្បទាន​នេះ​លោក​ឯល​សេន​បាន​បរិច្ចាគ​ដី​សម្រាប់ធ្វើ​ផ្លូវ​ទទឹង​ជាង​១០​ម៉ែត្រ​បណ្តោយ​១៨៤​ម៉ែត្រ​តាម​ផែនការអភិវឌ្ឍន៍​ខេត្ត​។​

​លោក​ឯល​សេន​បាន​បន្តថា​ថ្មីៗ​នេះ​បើតាម​ដំណឹង​ជន​មានអំណាច​ម្នាក់​បាន​លូកលាន់​កិច្ចការ​តុលាការខេត្ត​កំពង់ឆ្នាំង​ដោយ​ដាក់​គំនាប​ចំពោះ​មន្ត្រី​តុលាការ​ធ្វើឱ្យ​ស្ថាប័ន​តុលាការ​ពិបាក​រក​យុត្តិធម៌​ជូន​ចំពោះ​ម្ចាស់​ដី​ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​និង​អាស្រ័យ​ផល​ជា​យូរ​មកហើយ​នោះ​។​ប៉ុន្តែ​ម្ចាស់​ដី​បាន​សំណូមពរ​ដល់​តុលាការ​សូម​ចាត់ការ​ទៅតាម​ច្បាប់​និង​សុំ​រក្សា​ដីកា​ការពារ​នៅ​ដដែល​។​

​ប៉ុន្តែ​លោក​ឯល​សេន​ក៏បាន​សុំ​ដ៏​ទទូច​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​មេ​តា្ត​សុំ​ជួយ​រក​យុត្តិធម៌​ក្នុងករណីនេះ​ផ្តល់​ដល់​រូបលោក​ផង​។​ព្រោះ​ដី​នេះ​លោក​បាន​ទិញ​និង​បាន​អាស្រ័យ​ផល​ជា​យូរ​មកហើយ​ដោយមាន​លិខិត​កម្ម​សិ​ទ្ទិ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​៕S/

​ម្ចាស់​ដី​ស្របច្បាប់​សុំ​សម្តេច​ហ៊ុនសែន​មេ​តា្ត​ជួយ​រក​យុត្តិធម៌​ចំពោះ​ការរំលោភបំពាន​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម