ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមមេឃខៀវ Man Cityមិនអាចភ្លាត់ស្នៀតបានឡើយនៅពេលពួកគេស្វាគមន៍ហង្សក្រហម Liverpool នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ បើមិនដូច្នេះទេ កាំភ្លើងធំ Arsenal ដែលលេងជាមួយ Leeds នៅយប់នេះដែរនោះ អាចនឹងវ៉ាដាច់ដល់ទៅ ១១ ពិន្ទុ។
ការព្យាករណ៍ ៖
– Manchester City vs Liverpool
* Alvarez ស៊ុតបាល់បញ្ចូលទីចំនួន ៨ គ្រាប់ក្នុងការប្រកួតចំនួន ៩ លើកក្នុងលីក និង FA Cup នៅរដូវកាលនេះ។
* Liverpool ខកខានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដីចំនួន ៤ លើកចុងក្រោយ។
* City បានឈ្នះ ៥ ប្រកួតចុងក្រោយទល់នឹងសូន្យ។
* ក្រុមម្ចាស់ផ្ទះបានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុង ១១ ប្រកួតនៃការប្រកួតលីកក្នុងផ្ទះ ១៣ លើករបស់ពួកគេ និងស៊ុតចូល ១៣ គ្រាប់ក្នុងពីរប្រកួតមុនពេលសម្រាកអន្តរជាតិ។
នៅពេលដែល Premier League ត្រឡប់មកវិញនៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ វាមានរយៈពេល ៣ សប្តាហ៍ចាប់តាំងពីការប្រកួត EPL ចុងក្រោយរបស់ Man City ដោយឃើញ Arsenal នាំមុខដល់ទៅ៨ពិន្ទុនៅលើកំពូលតារាងក្នុងពេលនេះ។
City មិនខ្សត់គ្រាប់បាល់ទេអំឡុងពេលនោះ ដោយបានយកឈ្នះ RB Leipzig ៧-០ និង Burnley ៦-០ ក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ដើម្បីរក្សាក្ដីសង្ឃឹមនៃការឈ្នះពាន ៣។ ខណៈជំនួបចុងសប្តាហ៍នេះជាមួយនឹងក្រុមជើងឯករងកាលពីរដូវកាលមុនគឺជារឿងដ៏លំបាក វាអាចនឹងមកដល់ទាន់ពេលដ៏ល្អឥតខ្ចោះ ខណៈ City សម្លឹងបញ្ចប់ការប្រកួតចុងក្រោយដ៏លំបាកក្នុងរយៈពេលពីរខែមកនេះ។
Erling Haaland បានស៊ុតបញ្ចូលទី ៤២% នៃគ្រាប់បាល់របស់ Man City ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដូច្នេះអវត្តមានរបស់គេនៅចុងសប្តាហ៍នេះគឺជាផលប៉ះពាល់ដល់ម្ចាស់ផ្ទះ។ ខ្សែប្រយុទ្ធរូបនេះបានខកខានការប្រកួតទាំងពីររបស់ន័រវែសក្នុងការសម្រាកអន្តរជាតិកាលពីពេលថ្មីៗនេះ ខណៈរូបគេមិនបានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ទេ បន្ទាប់ពីត្រឡប់មកក្លិបវិញ។
គ្រាប់បាល់របស់ Haaland ក៏មានតម្លៃ ២០ ពិន្ទុសម្រាប់ក្រុមមេឃខៀវនៅរដូវកាលនេះផងដែរ ហើយរូបគេបានជួយ City រក្សាលទ្ធភាពប្រជែងពានបានមករហូត ប៉ុន្តែរូបគេលេងល្អទៅបានក៏អាស្រ័យលើខ្សែបម្រើដ៏ល្អរបស់ City ដែរ។ ម្ចាស់ផ្ទះមានកីឡាករ Julian Alvarez ម្ចាស់ជ័យលាភី World Cup សម្រាប់ជាជម្រើសបម្រុងដ៏ល្អមួយ ហើយខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងការប្រកួត Premier League របស់គេចំនួន៦ដងនៅរដូវកាលនេះ។
Alvarez ក៏មានកំណត់ត្រាស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុង ៣ ប្រកួត FA Cup រដូវកាលនេះផងដែរ ហើយគេជាមធ្យមស៊ុតបាន ១,៤ គ្រាប់ក្នុងរាល់ ៩០ នាទីក្នុងការប្រកួតរបស់ City និងការបង្ហាញខ្លួនរបស់គេក្នុងការប្រកួតរបស់អាហ្សង់ទីនក្នុងប្រទេសកាតា។ ដោយបានស៊ុតចូល២គ្រាប់មុនសម្រាកអន្តរជាតិទល់នឹងក្រុម Burnley រូបគេបានចូលទៅក្នុងការប្រកួតនេះក្នុងទម្រង់ដ៏ល្អ និង ធ្វើឱ្យមានហាងឆេងឈ្នះកាន់តែមានខ្ពស់សម្រាប់ City នៅចុងសប្តាហ៍នេះ។
Liverpool បានចាប់ផ្តើមខែមីនាជាមួយនឹងជ័យជម្នះ ២-០ លើ Wolves និង ៧-០ លើក្រុម Man United ប៉ុន្តែអ្វីៗបានជូរចត់សម្រាប់ពួកគេក្នុងខែដដែលផងដែរ។ ពួកគេបានចាញ់ការប្រកួតក្រៅដីជាប់ៗគ្នាក្នុងលទ្ធផល ១-០ មុននឹងឈានដល់ការសម្រាកអន្តរជាតិ ដោយកំណត់ត្រាក្រៅដីរបស់ពួកគេគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមុនពេលធ្វើដំណើរទៅកាន់ទឹកដី Etihad ។
Liverpool រកបានត្រឹមតែ ១២ ពិន្ទុប៉ុណ្ណោះពីការប្រកួតក្រៅដី ១៣ លើកនៅ Premier League រដូវកាលនេះ ដោយចាញ់ ៧ ដង។ ហង្សក្រហមបានរងបរាជ័យរួចហើយនៅក្នុងចំណោមក្រុមកំពូលទាំងបីក្នុងរដូវកាលនេះ ខណៈពួកគេបានឈ្នះម្តងគត់ក្នុងចំណោមការទៅលេងក្រៅដីក្នុងលីកចំនួន ១៣ លើកចុងក្រោយនៅផ្ទះ City។ ទោះបីជាគ្មាន Haaland ក៏ម្ចាស់ផ្ទះនៅតែសង្ឃឹមឈ្នះ។
លទ្ធផលទស្សនទាយ Man City ឈ្នះ ២-០។
– Arsenal vs Leeds
* Arsenal បានឈ្នះរាល់ការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេនៅក្នុង Premier League ដោយយកឈ្នះលើស២គ្រាប់ឡើងទៅក្នុង ៤ ប្រកួត។
* Leeds បានចាញ់ការប្រកួតក្រៅដីចំនួន ៩ លើកក្នុងចំណោម ១៤ ប្រកួតក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
* មានគ្រាប់បាល់ទៅវិញទៅមកក្នុង ១៥ ប្រកួតនៃ ២៧ ប្រកួតរបស់ Leeds United នៅរដូវកាលនេះ។
* ការប្រកួតលីករបស់ Arsenal មានជាមធ្យម ៣,២៩ គ្រាប់ក្នុងមួយប្រកួតនៅរដូវកាលនេះ។
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Crystal Palace ៤-១ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ មុនពេលសម្រាកអន្តរជាតិ ហើយពួកគេអាចយកឈ្នះយ៉ាងស្រួលម្តងទៀតនៅទឹកដី Emirates នៅពេលពួកគេត្រឡប់មក Premier League វិញ។
កូនក្រុមរបស់លោក Mikel Arteta នឹងចាប់ផ្តើមចុងសប្តាហ៍នេះជាមួយនឹងការនាំមុខ៨ពិន្ទុនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ទោះបីជាបានលេងមួយប្រកួតលើសក្រុមលេខ ២ Manchester City ក៏ដោយ។
ប៉ុន្តែពួកគេអាចនឹងឆក់យកឱកាសវ៉ាដាច់ពិន្ទុនៅចុងសប្តាហ៍នេះ ព្រោះ Man City ប្រឈមមុខនឹងការបាត់ពិន្ទុក្នុងផ្ទះពេលទទួល Liverpool នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ។
ក្រុមកាំភ្លើងធំក៏បានធ្លាក់ចេញពី Europa League ក្រោមថ្វីដៃ Sporting Lisbon ដោយការស៊ុតបាល់ប៉េណាល់ទីមុនពេលសម្រាកអន្តរជាតិផងដែរ ហើយមិនស្ថិតក្នុង FA Cup ទៀតទេ ដូច្នេះ Premier League គឺជាការផ្តោតសំខាន់តែមួយគត់របស់ពួកគេ។
ពួកគេលេងល្អអស្ចារ្យណាស់នៅក្នុង EPL ដោយកត់ត្រាជ័យជម្នះ ២២ លើកក្នុង ២៨ ប្រកួត ប៉ុន្តែបញ្ជីនៃការប្រកួតខែមេសារបស់ពួកគេជួបសុទ្ធតែក្រុមខ្លាំងពិសេសជាមួយនឹងក្រុម Liverpool, Manchester City និង Chelsea ដូច្នេះពួកគេដឹងថានេះជាពេលវេលាសំខាន់ត្រូវកើបយកពិន្ទុឱ្យបានច្រើន។
ហើយការប្រកួតក្នុងផ្ទះទល់នឹងក្រុមដែលរងការគំរាមកំហែងពីការកាត់ចោលដូចជា Leeds គឺជាការប្រកួតដែលពួកគេត្រូវតែឈ្នះដាច់ខាត។
Arsenal មានភាពរឹងមាំណាស់នៅកីឡដ្ឋាន Emirates ក្នុងរដូវកាលនេះ ដោយឈ្នះ ១១ ស្មើ ២ និងចាញ់ម្តងគត់ក្នុង ១៤ ប្រកួតក្នុងផ្ទះក្នុង Premier League ហើយបរាជ័យតែមួយគត់របស់ពួកគេគឺក្រោមថ្វីដៃក្រុមម្ចាស់ជើងឯក Manchester City ។
ខណៈ Arsenal ស្ថិតក្នុងទីតាំងកំពូលតារាងដើម្បីលើកពាន Premier League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីរដូវកាល ២០០៣-០៤ ក្រុម Leeds ឯណេះវិញកំពុងតស៊ូរក្សាជីវិតក្នុងក្របខ័ណ្ឌកំពូល។
កាលពីខែកុម្ភៈ ពួកគេបានសម្រេចចិត្តដកលោក Jesse Marsch ជនជាតិអាម៉េរិកចេញពីតំណែងជាគ្រូបង្វឹក ដោយនាំយកអតីតកីឡាករ Watford លោក Javi Gracia មកជំនួសកន្លែងរបស់គាត់ ហើយការប្រកួតលីកចំនួន ៤ លើកដំបូងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះទទួលបានលទ្ធផលឈ្នះ ២ ស្មើ ១ និងចាញ់ ១។
នោះមិនមែនជាលទ្ធផលអាក្រក់នោះទេ ហើយអំឡុងពេលនោះពួកគេបានស្មើនឹង Brighton ដែលកំពុងប្រជែងយកកៅអីអឺរ៉ុប។
ប៉ុន្តែជាអកុសលសម្រាប់ Leeds ក្រុម Arsenal កំពុងល្អដូចផ្កានិងមានសមត្ថភាពប្រហែលនឹង Manchester City នៅពេលនេះ ដូច្នេះពួកគេគ្មានសង្ឃឹមអ្វីក្រៅតែពីការឈ្នះនោះឡើយ។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ៣-១៕
Man City ដាច់ខាតត្រូវឈ្នះ Liverpool ដើម្បីប្រជែងពិន្ទុជាមួយ Arsenal