ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាចំនួន ១៣ ប្រភេទ ត្រូវបានសម្រេចដាក់ ឲ្យប្រកួតជា ផ្លូវការ សម្រាប់អាស៊ានប៉ារ៉ាហ្គេម។ កីឡាទាំង ១៣ ប្រភេទនោះ រួមមាន កីឡាអត្តពលកម្មហែលទឹក លើកទម្ងន់ វាយកូនឃ្លីលើតុ វាយសី បាល់បោះរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទះអង្គុយ បូស្បា អុក យូដូ និងកីឡាអេឡិចត្រូនិក ដែលជាប្រភេទកីឡា ប្រកួតបង្ហាញលើកដំបូង សម្រាប់អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក យី វាសនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម លើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានឱ្យដឹងថាៈ មកទល់បច្ចុប្បន្ន នេះ កម្ពុជា ត្រៀមរួចជាស្រេច ទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ប្រមាណ ៣.០០០ នាក់ អាហារ ការស្នាក់នៅ ការធ្វើដំណើរ ការប្រកួតកីឡា តាមស្តង់ដាអន្តរជាតិ បដិសណ្ឋារកិច្ច និងរៀបចំជាទេសចរណ៍ ប្រកបដោយផា សុកភាព និងផាសុកវត្ថុ សម្រាប់អត្តពលិកជនពិការ និងមន្រ្តីបច្ចេកទេស កីឡាជាតិ អន្តរជាតិ៕ V / N