ដោយ:សុភាព/ភ្នំពេញៈ សមាគមជើងសាធានារ៉ាប់រងកម្ពុជាបាន រៀបចំ កិច្ចប្រជុំមហាសន្និបាត លើកទី១របស់ខ្លួននៅអាគារ GIA Tower ដែលមានទីតាំងស្ថិតនៅ កោះពេជ្រ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣។ កិច្ចប្រជុំនេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា(IRC)។ កិច្ចប្រជុំ នេះក៏មានការអញ្ជើញ ចូលរួមពីប្រធានសមាគមធានារ៉ាប់រងកម្ពុជា(IAC) ប្រតិភូ IRC សមាជិកគណៈកម្មាធិការគ្រប់គ្រងរបស់ CIBA សមាជិក CIBA និងថ្នាក់ដឹកនាំក្នុងវិស័យធានារ៉ាប់រងជាច្រើនទៀត។

របៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតនេះគ្របដណ្តប់លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖សុន្ទរកថាស្វាគមន៍ដោយលោក មាស សុផាត ប្រធាន CIBA សុន្ទរកថាបើកដោយ IRC បទបង្ហាញអំពីសមិទ្ធិផលឆ្នាំ២០២២ និងទិសដៅអនាគតសម្រាប់ឆ្នាំ ២០២៣-២០២៥ របស់ CIBA របាយការណ៍ហិរញ្ញវត្ថុរបស់ CIBA ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការគ្រប់គ្រងបន្ថែមចំនួនពីររូប ការប្រគល់វិញ្ញាបនបត្រសមាជិកភាពសម្រាប់សមាជិក CIBA និងការពិភាក្សាជាក្រុមចំនួនពីរលើប្រធានបទធានារ៉ាប់រងសំខាន់ៗរួមមាន ១) ការចែកចាយធានារ៉ាប់រងនៅកម្ពុជា ២) តើជើងសាធានារ៉ាប់រងអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាយ៉ាងដូចម្តេច?។

ព្រឹត្តិការណ៍នេះបានចូលរូមឧបត្ថម្ភដោយក្រុមហ៊ុនអេជី អ៊ិនសួរេន ប្រូកឃើរ, អាល់ហ្វា អ៊ិនសួរេន ប្រូកឃើរ, អេទីកា ជេនេរ៉ល អ៊ិនសួរេន, ហ្វតតេ អ៊ិនសួរេន, គ្លូប៊ល ជេនេរ៉ល អ៊ិនសួរេន ប្រូកឃើរ, អ៊ិនហ្វីនីធី ជេនេរ៉ល អ៊ិនសួរេន, អិមជីអេ អេស៊ា អ៊ិនសួរេន ប្រូកឃើរ, ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី, ហ្វីលីព ជេនេរ៉ល អ៊ិនសួរេន និងក្រុមហ៊ុនប្រូវីតា អ៊ិនសួរេន ប្រូកឃើរ។

ក្រោមការ ផ្តួចផ្តើមគំនិតដោយលោក មាស សុផាត ប្រធានស្ថាបនិក សមាគមជើងសាធានារ៉ាប់រងកម្ពុជា (CIBA) ត្រូវបានបង្កើតឡើងនាខែមីនា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតក្រោមអធិបតីភាពលោក ប៊ូ ចន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ។ CIBA ត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ (MoI) ក្នុងខែកក្កដា ឆ្នាំ ២០២២ និងអគ្គនាយកដ្ឋានពន្ធដារក្នុងខែធ្នូ ឆ្នាំ២០២២។ នាពេលបង្កើតដំបូង CIBA មានសមាជិកក្រុមហ៊ុនជើងសាធានារ៉ាប់រងដែលមានអាជ្ញាប័ណ្ណចំនួន ១២។ ហើយគិតត្រឹមខែមីនា ឆ្នាំ២០២៣ នេះ CIBA មានសមាជិកក្រុមហ៊ុន ជើងសាធានារ៉ាប់រង ដែលមានអាជ្ញាប័ណ្ណសរុបចំនួន ១៥។
CIBA មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន ១) លើកកម្ពស់វិស័យជើងសាធានារ៉ាប់រង ឱ្យកាន់តែមាន ប្រសិទ្ធភាព សម្រាប់ការបង្កើតរចនាសម្ព័ន្ធជើងសាធានារ៉ាប់រងដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ២) លើកកម្ពស់ និងតំណាងឱ្យផលប្រយោជន៍របស់សមាជិករបស់ខ្លួន និង ៣) បង្កើតច្បាប់ បទប្បញ្ញត្តិផ្សេងៗអនុលោមតាមលក្ខខ្តិកៈរបស់ CIBA និងត្រូវអនុលោមតាមវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងច្បាប់ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
CIBA ដំណើរការ ការងារ របស់ខ្លួន ដោយគណៈកម្មាធិការគ្រប់គ្រងដែលមានប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រង និងគាំទ្រដោយលេខាធិការដ្ឋាន។ សមាជិកគណៈកម្មាធិការគ្រប់គ្រងទី១ រួមមាន៖
– លោក មាស សុផាត ប្រធាន
-លោកស្រី លឹម អេង អនុប្រធាន
– លោក David Treal សមាជិកគណៈកម្មាធិការគ្រប់គ្រង
– លោក ជា គឹមម៉េង សមាជិកគណៈកម្មាធិការគ្រប់គ្រង
– លោក សាង សុខផល សមាជិកគណៈកម្មាធិការគ្រប់គ្រង៕ srn / N