ដោយៈ ចាន់តូ / ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ក្រោមកណ្ដាប់ ដៃកូនប្រុសបង្កើត ដែលមានជំងឺសសៃប្រសាទជាប់នឹងខ្លួន ដោយកូននោះ បានយកកាំបិតចាក់ និងអាករសម្លាប់ កាលវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចខាងជើងវត្តនាគវ័ន ប្រហែល ១០០ ម៉ែត្រ តាមបណ្ដោយផ្លូវ៦១២ ក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្ត្រីដែលស្លាប់នោះ មានឈ្មោះ តូយ លឿយ អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែកអនាម័យ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ។ ចំណែក ជនសង្ស័យ មានឈ្មោះ ឈៀត ឆែល ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅកន្លែងកើតហេតុ ខាងលើ មានស្រុកកំណើត នៅភូមិជ្រិះ ឃុំជ្រិះ ស្រុកមេសាង ខេត្តព្រៃវែង ។
តាមការរៀបរាប់របស់អ្នករស់នៅក្បែរខាង បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ឲ្យតែម៉ោង ៦ ជាង លោកយាយ លឿយ គាត់តែងតែសម្រាន្តមុនគេ ខណៈមក ដល់វេលាម៉ោង កើតហេតុខាងលើ ស្រាប់តែឮសូរសម្រែកស្រែក ឱ្យគេជួយ ហើយក៏ រត់ចេញពីបន្ទប់ឆ្លេឆ្លា នៅជាន់ទី១ ប្រឡាក់ដោយឈាមជោកខ្លួន តែគ្មានអ្នកណាម្នាក់ ហ៊ានចូលជួយនោះទេ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែ បាត់មាត់ឈឹង នៅក្នុងបន្ទប់ ក៏ស្រាប់តែឃើញកូនប្រុស ប្រឡាក់ដោយឈាម រត់ចុះពីលើផ្ទះ មកក្រោម ហើយប្រជាពលរដ្ឋ ក៏សួរនាំ ទើបដឹងថា កូនប្រុសដែល មានជំងឺសសៃប្រសាទ ប្រចាំកាយហ្នឹង បានសម្លាប់ម្ដាយខ្លួន ហើយក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ប្រភពដដែល បានបន្តទៀតថាៈ ជនសង្ស័យមានជំងឺសសៃប្រសាទ រាល់ពេល រាល់ដង ជនសង្ស័យតែងតែទៅអូសរទេះ និងដឹកជញ្ជូន នៅផ្សារនាគមាស ដើម្បីយកលុយមកចិញ្ចឹមជីវិត តែនៅថ្ងៃកើតហេតុនេះ ជនសង្ស័យ ដែលត្រូវជា កូន បានទារ លុយម្ដាយចំនួន ៣០ ម៉ឺនរៀល មិនដឹងថា យកលុយទៅទិញអី នោះទេ ដោយ ម្ដាយមិនឲ្យ ក៏ខឹងនឹងម្ដាយ ស្រាប់តែ កម្រោលចូលជំងឺសសៃ ប្រសាទ រើឡើងខ្លាំង ក៏យកកាំបិតចុងស្រួច ទៅចាក់ និងអាករសម្លាប់ម្ដាយ តែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ច ក៏ចុះមកដល់កន្លែងកើតហេតុ បាននាំជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់ទី២ ដើម្បីសួរនាំនិងបន្តតាមតិវិធី៕ V / N