ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីនិងអាម៉េរិកបានប៉ះទង្គិចគ្នានៅអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី៣១មីនាជុំវិញផែនការរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធនៅក្នុងប្រទេសបេឡារូស ដែលប្រទេសជិតខាងអ៊ុយក្រែនបានថ្កោលទោសថាជាការប៉ុនប៉ងទាំងត្រដររបស់វិមានក្រឹមឡាំងដើម្បីបញ្ចៀសបរាជ័យផ្នែកយោធា និង”គំរាមកំហែងពិភពលោកជាមួយនឹងវិនាសកម្មនុយក្លេអ៊ែរ”។
ចិន ដែលមិននិយាយចំឈ្មោះរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់របស់ខ្លួនចំពោះការដាក់ពង្រាយដែលបានគ្រោងទុកនេះ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.បលោក សឺហ្គី គីស្ទីតយ៉ា (Sergiy Kyslytsya) បានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២៥ ខែមីនាថា ប្រទេសរបស់លោកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីនិងខ្នាតតូចកំលាំងខ្សោយនៅក្នុងប្រទេសបេឡារូស។
ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌ័រ លូកាសិនកូ (Alexander Lukashenko)បានបង្កើនវោហានៅមុនកិច្ចប្រជុំក្រុមប្រឹក្សា ដោយនិយាយថារុស្ស៊ីក៏អាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារូសដែរ កន្លែងដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
លោកគីស្ទីតយ៉ាបាននិយាយថា វាចំណាយពេលត្រឹមតែបួនថ្ងៃប៉ុណ្ណោះសម្រាប់ពូទីនបំពានការសន្យាដែលគាត់បានធ្វើចំពោះប្រធានាធិបតីចិន ស៊ី ជីនពីងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំនាពេលថ្មីៗនេះក្នុងទីក្រុងមូស្គូ។ សេចក្តីថ្លែងការណ៍នោះបានប្រកាសថា រដ្ឋនុយក្លេអ៊ែរទាំងអស់គួរតែចៀសវាងឱ្យបាននូវការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅខាងក្រៅប្រទេសរបស់ពួកគេហើយដកចេញនូវអាវុធនុយក្លេអ៊ែរដែលបានដាក់ពង្រាយនៅក្រៅប្រទេស។
ចំណុចដូចគ្នានេះត្រូវបានឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាម៉េរិកនិងចិនគូសបញ្ជាក់ក្នុងចំណោមអ្នកដទៃទៀតផងដែរ។
លោក ចេង សួង (Geng Shuang)អគ្គរដ្ឋទូតចិនបាននិយាយថា “យើងអំពាវនាវឱ្យលុបចោលនូវផែនការចែករំលែកនុយក្លេអ៊ែរ និងមិនគាំទ្រឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបរទេសដោយរដ្ឋនុយក្លេអ៊ែរទាំងឡាយ និងសូមដកចេញនូវអាវុធនុយក្លេអ៊ែរដែលបានដាក់ពង្រាយនៅបរទេស”។
ដោយហៅអាវុធនុយក្លេអ៊ែរថា “ដាវពិឃាដសំយ៉ុងពីលើក្បាលរបស់យើង” លោកចេងបានរំលឹកឡើងវិញថា ចិនប្រឆាំងនឹងការវាយប្រហារប្រដាប់អាវុធលើរោងចក្រថាមពលនុយក្លេអ៊ែរ និងការគំរាមកំហែង ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ លោកបាននិយាយថា “ការរីកសាយភាយនុយក្លេអ៊ែរត្រូវតែរារាំងឱ្យបាន ហើយវិបត្តិនុយក្លេអ៊ែរត្រូវបានបញ្ចៀស”។
រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថាមានជំហរអព្យាក្រឹតក្នុងសង្គ្រាម ប៉ុន្តែក៏បានសង្កត់ធ្ងន់លើ “មិត្តភាពគ្មានដែនកំណត់” របស់ខ្លួនជាមួយរុស្ស៊ីផងដែរ។ ចិនបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយកាលពីចុងខែមុនបានចេញផ្សាយផែនការសន្តិភាពដែលអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។
លោកគីស្ទីតយ៉ាបានស្វាគមន៍ចំពោះជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយប្រាប់ក្រុមប្រឹក្សាថា “សូមកោតសរសើរចិន ភាគីចិនបានរំលឹកដល់រដ្ឋាភិបាលក្រុងមូស្គូក្នុងលក្ខណៈសមហេតុសមផលថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះ និងមិនអាចប្រយុទ្ធគ្នាបានឡើយ ហើយការរីកសាយភាយនុយក្លេអ៊ែរត្រូវតែរារាំងឱ្យបាន”៕
ទាំងចិននិងអាម៉េរិកជំទាស់ផែនការរបស់រុស្ស៊ីក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារូស