​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស ១១ នាក់​បាន​ស្លាប់​នៅក្នុង​ការ​ជ្រៀត​ជាន់​គ្នា​ក្នុងចំណោម​ហ្វូង​មនុស្ស​ក្នុង​ទីក្រុង​កា​រ៉ា​ជី (Karachi) ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មីនា ខណៈ​ការ​ចែកទាន​នៃ​បុណ្យ​រ៉ា​ម៉ា​ដន​បាន​បង្ក​ឱ្យ​មាន​ការ​ជ្រៀត​ជាន់គ្នា​នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​ដោយ​អតិផរណា​នេះ​។​

​ប៉ា​គី​ស្ថាន​បាន​ទទួលរង​នូវ​ភាពចលាចល​ផ្នែក​សេដ្ឋកិច្ច​អស់​រយៈពេល​ជាច្រើន​ខែ ដោយ​ប្រាក់​រូពី​ដាំ​ក្បាល​ចុះ និង​តម្លៃ​ស្បៀងអាហារ​បាន​ឡើងថ្លៃ​ជិត ៥០ ភាគរយ​ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​​មុខ​នឹង​វិបត្តិ​តុល្យភាព​នៃ​ការទូទាត់ ដោយ​បង្ខំ​ឱ្យ​មាន​ការចរចា​ជាមួយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។​

​លោក ហ្វី​ដា ចាន​វ៉ា​រី (Fida Janwari) មន្ត្រីប៉ូលិស​ជាន់ខ្ពស់​នៅ​សង្កាត់​បាល់​ឌៀ​ថោន (Baldia Town) ភាគ​ខាងលិច​ទីក្រុង​កា​រ៉ា​ជី បាន​និយាយថា ការ​រត់​ជាន់​គ្នា​បាន​កើត​ឡើង​នៅ​ពេល​ស្ត្រី​ខ្វះ​​ខាត​និង​កុមារ​ជា​ច្រើន​នាំគ្នា​សម្រុកចូល​រោងចក្រ ដែល​ចែក​អាហារ​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ការ​ភ័យ​ស្លន់ស្លោ​បាន​ផ្ទុះឡើង ហើយ​មនុស្ស​បាន​ចាប់ផ្តើម​រត់​ប្រសាច​”​។​

​មន្ត្រី​រដ្ឋបាល​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ពី ៦០០ ទៅ ៧០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​បរិវេណ​ឧស្សាហកម្ម​តូច​មួយ​នេះ​។​

​ហ្វា​ទី​ម៉ា នួ (Fatima Noor) អាយុ ២២ ឆ្នាំ ដែល​ប្អូនស្រី​របស់​ខ្លួន​បាន​ស្លាប់​នៅក្នុង​ការ​គាប​ជាប់​គ្នា​នេះ បាន​បន្ថែមថា “​នៅ​ពេល​ពួកគេ​បើក​ទ្វារធំ មនុស្ស​ទាំងអស់​បាន​ប្រញាប់ប្រញាល់​សម្រុកចូល​”​។​

​អ្នកនាំពាក្យ​លោក មូហា​ម៉ាត់ ហ្វា​រ៉ូក (Muhammad Farraukh) បាន​និយាយថា សាកសព​ស្ត្រី​៦​នាក់ និង​កុមារ​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

​មនុស្ស​១១​នាក់​ស្លាប់​ដោយសារ​គាប​ជាប់​គ្នា​ក្នុង​រោងចក្រ​តូច​មួយ​ដែល​ចែក​ទាន​ដល់​អ្នក​ខ្សត់ខ្សោយ​នៅ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ