ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សបីនាក់បានស្លាប់បន្ទាប់ពីព្យុះប្រមោយដំរី(ខ្យល់កួចយក្ស)ជាច្រើនវាយប្រហាររដ្ឋមួយចំនួននៅតំបន់មីដវ៉េស(Midwest)រួមមានរដ្ឋអាកាន់សាស់(Arkansas) អ៊ីលីណយ(Illinois)ថិនណេស៊ី(Tennessee)និងអាអូវ៉ា(Iowa)។
ក្នុងការវាយប្រហារខ្លាំងបំផុតមួយ ខ្យល់កួចយក្សមួយបានវាយប្រហារទីក្រុង លីតថលរ៉ុក(Little Rock)ក្នុងរដ្ឋអាកាន់សាស់។ព្យុះនេះកើតឡើងតែមួយសប្តាហ៍បន្ទាប់ពីខ្យល់កួចពិឃាតជាងម្ភៃបានបោះពួយកាត់រដ្ឋមីស៊ីស៊ីពី(Mississippi)និងផ្នែកនៃរដ្ឋអាឡាបាម៉ា(Alabama)ដោយសម្លាប់មនុស្សយ៉ាងតិច២៦នាក់។
កាលពីល្ងាចថ្ងៃសុក្រ មន្ទីរពេទ្យមូលដ្ឋានមួយបានរាយការណ៍អំពីការព្យាបាលមនុស្ស២១នាក់ដែលរបួសធ្ងន់។ពួកគេរងរបួសដោយសារព្យុះនៅតំបន់លីតថលរ៉ុក។
ព្យុះបានបំផ្លាញផ្ទះនិងវាយកំទេចភូមិទាំងមូលៗ ដោយបំប៉ើងរថយន្តអោយក្រឡាប់ផ្ងារនិងបក់រំលើងដើមឈើនិងកំទេចកំទីទៅលើផ្លូវថ្នល់ ហើយមនុស្សនាំគ្នារកជម្រកខណៈដំបូលនិងជញ្ជាំងផ្ទះត្រូវបានខ្យល់ចាប់ហែក។
មានសេចក្តីរាយការណ៍អំពីព្យុះប្រមោយដំរីពីរទៀតនៅរដ្ឋអាយអូវ៉ា និងព្យុះព្រិលធ្លាក់នៅក្នុងរដ្ឋអ៊ីលីណយ ព្រមទាំងភ្លើងឆេះស្មៅនៅក្នុងរដ្ឋអូក្លាហូម៉ា(Oklahoma)ជាផ្នែកនៃប្រព័ន្ធព្យុះធំមួយដែលគំរាមមួយផ្នែកធំនៃប្រទេសដែលជាជម្រកសំរាប់មនុស្សប្រមាណ៨៥លាននាក់នៅអាម៉េរិក។។
យោងតាមសេវាវេជ្ជសាស្ត្រគ្រាអាសន្ន មនុស្សយ៉ាងតិច៦០០នាក់បានរងរបួសពីព្យុះកាលពីថ្ងៃសុក្រ។
ក្នុងពេលជាមួយគ្នាមានសេចក្តីរាយការណ៍អំពីការវាយប្រហារដោយព្យុះទីពីរនៅក្រុង ដេស ម៉យស៍(Des Moines)ក្នុងរដ្ឋអាយអូវ៉ា។
សេវាអាកាសធាតុក៏បានព្យាករណ៍ថា ព្យុះមួយក្រុមទៀតនឹងលេចចេញឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅតំបន់ដែលព្យុះបានវាយប្រហារកាលពីសប្តាហ៍មុន ហើយយ៉ាងហោចណាស់ដប់ថ្ងៃដំបូងនៃខែមេសា អាម៉េរិកនឹងជួបព្យុះកំណាចជាច្រើន។
រំលឹកថា កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ព្យុះប្រមោយដំរីមួយបានវាយប្រហាររដ្ឋមីស៊ីស៊ីពី ដោយបានសម្លាប់មនុស្សជាងម្ភៃនាក់ និងរាប់សិបនាក់រងរបួស ដោយសហគមន៍ទាំងមូលៗត្រូវខ្យល់វាយបំផ្លាញរាបដល់ដី៕
ផ្ទះនៅក្រុងលីតថលរ៉ុក ត្រូវបំផ្លាញដោយព្យុះ
ខ្យល់កួចយក្សបក់កំទេចតំបន់នៅតាមផ្លូវរបស់វាក្នុងរដ្ឋអាកាន់សាស់ នៅពេលតែមួយសប្តាហ៍បន្ទាប់ពីព្យុះរាប់សិបវាយប្រហាររដ្ឋមីស៊ីស៊ីពីនិងអាឡាបាម៉ា