ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Appleកំពុងព្រមានអ្នកប្រើ ដែលមានឧបករណ៍ជំនួយចង្វាក់បេះដូង Pacemaker ឬឧបករណ៍ពេទ្យផ្សាំផ្សេងទៀតនៅក្នុងខ្លួន ឱ្យរក្សា iPhone ឆ្ងាយពីទ្រូងយ៉ាងហោចណាស់ប្រាំមួយអ៊ីញ(១៥,២៤សង់ទីម៉ែត្រ)។
បច្ចេកវិជ្ជា Behemoth ព្រមានថា មេដែកនិងដែនម៉ាញ៉េទិកអាចរំខានដល់មុខងាររបស់ម៉ាស៊ីន ដែលអាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត។
ការប៉ាន់ប្រមាណនេះបានលើកឡើងថា ជនជាតិអាម៉េរិកប្រហែល ៣ លាននាក់មានឧបករណ៍ជំនួយចង្វាក់បេះដូងផ្សាំ ហើយ ២០០.០០០ នាក់មានឧបករណ៍គ្រប់គ្រងបេះដូង Defibrillator។
ការព្រមាន ដែលបានធ្វើបច្ចុប្បន្នភាពពី Apple ឥឡូវនេះរួមបញ្ចូល iPhone 13 និង 14 ជំនាន់ថ្មីបំផុតរបស់ខ្លួនផងដែរក្រៅពី iPhone ជំនាន់ដទៃ។ Airpods នាឡិកា Appleនិងគ្រឿងប្រដាប់ផ្សេងទៀតដូចជា HomePods, Ipads Macs និងកាសស្តាប់ Beats ក៏មិនត្រូវដាក់នៅជិតទ្រូងរបស់អ្នកណាដែលមានការផ្សាំឧបករណ៍ទាំងនោះដែរ។
កាលពីខែមុន ការសិក្សាមួយបានរកឃើញថា អ្នកដែលប្រើ FitBits, នាឡិកា Apple និងឧបករណ៍ស្រដៀងគ្នាផ្សេងទៀតអាចរំខានដល់ឧបករណ៍ដែលបានផ្សាំ។
Apple បានសរសេរនៅក្នុងប្លុកមួយថា “ក្រោមលក្ខខណ្ឌមួយចំនួន មេដែកនិងដែនម៉ាញ៉េទិកអាចរំខានដល់ឧបករណ៍វេជ្ជសាស្ត្រ”។
“ឧទាហរណ៍ជាក់ស្តែង ឧបករណ៍ជំនួយចង្វាក់បេះដូង និងឧបករណ៍គ្រប់គ្រងបេះដូង អាចមានឧបករណ៍ចាប់សញ្ញាដែលឆ្លើយតបទៅនឹងមេដែក និងរលកវិទ្យុនៅពេលដាក់នៅជិតគ្នា”។
“ដើម្បីជៀសវាងអន្តរកម្មដែលអាចកើតមានជាមួយឧបករណ៍វេជ្ជសាស្ត្រប្រភេទទាំងនេះ សូមរក្សាផលិតផល Apple របស់អ្នកឱ្យនៅឆ្ងាយពីឧបករណ៍វេជ្ជសាស្ត្ររបស់អ្នក”៕
iPhone អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើដាក់ក្បែរទ្រូង ដែលមានឧបករណ៍ផ្សាំ