ដោយៈពៅ និមល /ភ្នំពេញ៖ អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក គូនីហ៊ីកូ ហ៊ីរ៉ាបាយ៉ាស៊ី (Kunihiko HIRABAYASHI) បានបង្ហាញ​ការចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា ព្រោះមានភាពសម្បូរបែប​ប្រកបដោយសក្តានុពលខ្ពស់និងធម្មជាតិ ដោយរក្សាទុករសជាតិដើម និងក្លិន ពិសេស។

លោក Kunihiko HIRABAYASHI​ចាប់អារម្មណ៍បែបនវក្នុងពេលលោក​ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ផលិតផលផ្លែឈើក្រៀម និងផលិតផល​កសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន» ដែលរៀបចំឡើងដោយផ្ទាល់​និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ តាមរយៈ​កិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ។

ប្រភពក្រសួងពាណិជ្ជកម្មក្នុងពិធីនោះលោក Kunihiko បានបញ្ជាក់ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូរ​ដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និង​គុណភាព។
លោកបន្តថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជា​បន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ​ការ​រវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុង​តំបន់​នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ។

លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រទេសជប៉ុនដែល​ជាទីផ្សារធំមួយក្នុងតំបន់ ហើយការរៀបចំសិក្ខាសាលានៅពេលនេះ ក្នុង​គោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការ​ជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជា​សម្រាប់ទីផ្សារប្រទេសជប៉ុន ក្រោយវិបត្តិជំងឺកូវីដ១៩។

គួររំលឹកថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក្នុងឆ្នាំ២០២២ មានទឹកប្រាក់ប្រមាណជាង ១,៩៤៨ លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ជាង ១,១៧៣លាន​ដុល្លារ​និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ជាង ៧៧៥ លានដុល្លារ។
គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជារួមមានវិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លោក កៅ កោសល បានឱ្យដឹងថា ក្រៅពីគម្រោងវិនិយោគដែលបាន​ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំប្រមាណ១៧០០ក្រុមហ៊ុនដោយផ្តោតលើវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម៕សរន / N