ប្រែសម្រួលៈបំណង(VNExpress)៖ទាហានហ្វីលីពីនកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយសមភាគីអាម៉េរិកនៅក្នុងជំរំយោធាធំបំផុតរបស់ខ្លួន ជាផ្នែកនៃការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពយោធារបស់កងទ័ពហ្វីលីពីនប្រឆាំងនឹងការគំរាមមកពីខាងក្រៅ។
ការហ្វឹកហាត់នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វែរឌីណង់ ម៉ាកូស ជូនៀ បានសំរេចចិត្តកាលពីខែកុម្ភៈដើម្បីអនុញ្ញាតអោយកងទ័ពអាម៉េរិកអាចចូលប្រើបន្ទាយទាហានហ្វីលីពីនបន្ថែម ជាចំណាត់ការមួយដែលបានធ្វើអោយចិនមិនសប្បាយចិត្តនិងចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថាបង្កភាពតានតឹងក្នុងតំបន់។
ទាហានហ្វីលីពីននិងអាម៉េរិកជាង៣.០០០នាក់បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំរយៈពេលបីសប្តាហ៍ឈ្មោះថា Salaknibកាលពីថ្ងៃសុក្រដោយពួកគេបានហាត់បាញ់កាំភ្លើងប្រឆាំងរថក្រោះនិងអាវុធធុនតូចព្រមទាំងបាញ់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ហាយម៉ាស(Himars)។
នាយទាហានហ្វីលីពីនលោកវរសេនីយ៍ តារ៉ា កាយតុន(Tara Cayton)បាននិយាយក្នុងសន្និសីទកាសែតមួយថា« ឥឡូវយើងប្រែក្លាយប្រតិបត្តិការសន្តិសុខផ្ទៃក្នុងទៅជាប្រតិបត្តិការការពារទឹកដី»។
សមយុទ្ធបាញ់គ្រាប់ពិតនេះធ្វើឡើងនៅបន្ទាយហ្វដ ម៉ាកសាយសាយ(Fort Magsaysay)នៅកោះលូហ្សុន(Luzon)ដែលជាទីតាំងមួយក្នុងចំណោមទីតាំងយោធាចំនួនប្រាំដែលអាម៉េរិកអាចចូលប្រើនិងដាក់ទ័ពនៅក្រោមកិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការយោធាហៅថាEDCAជាមួយរដ្ឋាភិបាលទីក្រុងម៉ានីល។
សមយុទ្ធប្រចាំឆ្នាំBalikatanនៅទីបំផុតនឹងមានការចូលរួមពីទាហាន១៧.៦០០នាក់មកពីភាគីទាំងសងខាង រួមមានទាហានប្រមាណ១២.០០០នាក់មកពីអាម៉េរិក។វាត្រូវបានរៀបចំធ្វើឡើងចំពេលហ្វីលីពីនតវ៉ាអំពីអ្វីដែលខ្លួនហៅថា អំពើឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង៕
ទាហានហ្វីលីពីននិងអាម៉េរិកបាញ់ប្រព័ន្ធរ៉ុក្កែតទំនើបហាយម៉ាសនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃ៣១មីនានៅបន្ទាយហ្វដ ម៉ាកសាយសាយ