ដោយ: វៃកូ/ស្វាយរៀង:នាព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ លោក ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកស្រី លោក ម៉ែន វិបុល អភិបាលខេត្ត និងលោកស្រី បានអញ្ជេីញចូលរួមក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង ( កម្ពុជា ) និង ថ្នាក់ដឹកនាំ ខេត្តឡុងអាន និងខេត្ត តៃនិញ ( ប្រទេស វៀតណាម ) ស្ថិតនៅសាលប្រជុំ អាគារ “ ឃ ” សាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង
មានប្រសាសន៍ស្វាគមន៍ទៅកាន់ពិធីនេះលោក ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃមនុញ្ញផលដែលកើតចេញពីផ្លែផ្លានៃចំណងកិច្ចសហប្រតិបត្តិដែលខេត្តយើងទាំងបីកសាង និងសម្រេចបានរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ២០២២កន្លងមក និងមានសុទិដ្ឋិនិយម និងជឿជាក់ថា នាឱកាសឆ្នាំថ្មីនេះ នឹងផ្ដល់នូវបរិយាកាស ទិដ្ឋភាព រូបភាព និងកាលានុវត្តភាពថ្មីៗ ដែលនាំឲ្យយើងកាន់តែពង្រឹងបាននូវ ជំនឿទុកចិត្តទៅវិញទៅមក បន្ថែមភាពស៊ីជម្រៅ និងប្រសិទ្ធភាពដល់ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា និងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ តាមតំបន់ព្រំដែនប្រកបដោយ សន្តិភាព ភាតរភាព និងចីរភាព ។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា បន្ទាប់ពីបានបេីកប្រទេសឲ្យដំណេីរការឡេីងវិញ ក្រោយវិប្បត្តិកូវីដ១៩ កម្ពុជា-វៀតណាម នៅតែរក្សាបាននូវ « ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែង » កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបី ក៏ នៅតែ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាង មានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈ ការសហការ សម្របសម្រួល យ៉ាងជិតស្និទ្ធិធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និង ការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋទាំងសង្ខាង ធ្វើការប្រមូលផលដំណាំ ផ្សេងៗ នៅតាម ព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕/R