ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការរលាយទឹកកកនៅជុំវិញទ្វីបអង់តាក់ទិកនឹងជំរុញឱ្យមានការថយចុះយ៉ាងឆាប់រហ័សនៃចរន្តទឹកសមុទ្រជ្រៅសកលលោកនៅឆ្នាំ ២០៥០ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមហាសមុទ្រនិងបណ្តាញអាហារសមុទ្រ។
ការសិក្សាថ្មីមួយបានបង្ហាញថា វាក៏អាចនឹងផ្លាស់ប្តូរអាកាសធាតុរបស់ពិភពលោករាប់សតវត្សរ៍ខាងមុខនិងពន្លឿនការកើនឡើងកម្រិតទឹកសមុទ្រផងដែរ។
អ្នកវិទ្យាសាស្ត្រព្រមានថា ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តក្នុងកម្រិតដែលមានស្រាប់ នោះចរន្តនៅក្នុងផ្នែកជ្រៅបំផុតនៃមហាសមុទ្រអាចថយចុះ ៤០ ភាគរយក្នុងរយៈពេលត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ។ឥទ្ធិពលដ៏អាក្រក់នេះនឹងធ្វើឱ្យបាត់បង់ជីវិតសារធាតុចិញ្ចឹមក្នុងសមុទ្រសំខាន់ៗ ផ្លាស់ប្តូរគំរូអាកាសធាតុ និងបង្កើនកម្រិតទឹកសមុទ្របន្ថែមទៀត។
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបាននិយាយថា ការបំភាយឧស្ម័ននឹងត្រូវតែថយចុះឱ្យបានរហ័សក្នុងទសវត្សរ៍នេះ ដើម្បីចៀសវាងផលវិបាកដ៏ធ្ងន់ធ្ងរទាំងនេះ។
ប្រសិនបើវាមិនដូច្នោះទេ ជីវិតសមុទ្រកាន់តែច្រើនអាចនឹងស្លាប់ មហាសមុទ្រនឹងពិបាកស្រូបនិងទប់កម្តៅ ហើយការបាត់បង់ទឹកកកនឹងលឿនជាងមុន។
លោកបណ្ឌិត ស្ទីវ រីនធួល (Steve Rintoul) អ្នកជំនាញខាងមហាសមុទ្រនិងជាអ្នកឯកទេសខាងមហាសមុទ្រភាគខាងត្បូងនៃអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មខំមិនវែល (Commonwealth) របស់រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា “នោះហើយជាកន្លែងដែលភាពអាសន្នកើតឡើង”។
“នៅពេលណាដែលយើងបន្ថយចរន្តទឹក វាពិបាកក្នុងការស្តារដំណើរការនេះឡើងវិញម្តងទៀតណាស់។ នៅពេលដែលយើងចាប់ផ្តើមរឿងនេះហើយ យើងពិតជាមិនអាចប្តូរចិត្តរបស់យើងបានទេ។ការផ្លាស់ប្តូរទាំងនេះគឺមិនអាចត្រឡប់ក្រោយវិញបានរាប់សតវត្សរ៍ទៅមុខ”។
ពិភពលោកមានកន្លែងតិចតួចណាស់ដែលផលិតទឹកត្រជាក់គ្រប់គ្រាន់និងមានកំហាប់ក្រាស់គ្រាប់គ្រាន់ ដើម្បីលិចទៅផ្នែកជ្រៅបំផុតនៃមហាសមុទ្រ ប៉ុន្តែទ្វីបអង់តាក់ទិកមានទីតាំងបែបនេះចំនួនបួន។
ទឹកប្រហែល ២៥០ ទ្រីលានតោនបានលិចទៅជ្រៅ ៤.០០០ ម៉ែត្រនៅជិតទ្វីបនេះជារៀងរាល់ឆ្នាំ ហើយប្រែទៅជាត្រជាក់ខ្លាំង ទឹកប្រៃខ្លាំង និងសម្បូរអុកស៊ីសែន។
ទោះយ៉ាងណា ការកើនឡើងការរលាយទឹកកកនៅទ្វីបអង់តាក់ទិកកំពុងកាត់បន្ថយកម្រិតជាតិប្រៃ ដែលហេតុនេះធ្វើឱ្យទឹកកាន់តែលែងមានកំហាប់ក្រាស់និងមិនសូវលិចចូលជ្រៅបាន។
នេះមានសារៈសំខាន់ព្រោះវាមានន័យថាទឹកដែលសម្បូរសារធាតុចិញ្ចឹមនៅជ្រៅៗមិនអាចផ្លាស់ទីតាមរបៀបធម្មតា ហើយមិនអាចរាលដាលដល់ទីតាំងផ្សេងទៀតនៅក្នុងមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកដ៏ជ្រៅ។
នេះគឺជាវិបត្តិដ៏ធំមួយ ដែលប្រព័ន្ធអេកូឡូស៊ីលើផ្ទៃទឹកជុំវិញពិភពលោកត្រូវបាត់បង់អស់នូវសារធាតុចិញ្ចឹម។
សាស្ត្រាចារ្យសហអ្នកនិពន្ធការសិក្សានេះបាននិយាយថា “ប្រសិនបើយើងរឹតត្បិតលំហូរនៃសារធាតុចិញ្ចឹមទាំងនោះ ហើយយើងមិនផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់មូលដ្ឋានខ្សែសង្វាក់អាហារ…នោះច្បាស់ណាស់នឹងប៉ះពាល់ដល់ការចិញ្ចឹមមនុស្សជាច្រើនទសវត្សរ៍ទៅមុខនៃសតវត្សរ៍ទី២១នេះ”។
លោកបានបន្ថែមថា ចរន្តទឹកសមុទ្រជ្រៅទាំងមូលកំពុងឈានទៅរកការដួលរលំលើគន្លងបច្ចុប្បន្នរបស់វា។
លោកបណ្ឌិតរីនធួល ដែលបានចំណាយពេលអាជីពរបស់គាត់សិក្សាពីរបៀបដែលមហាសមុទ្រខាងត្បូងជុំវិញអង់តាក់ទិកប៉ះពាល់ដល់ប្រព័ន្ធរបស់ផែនដី បាននិយាយថា គំរូថ្មីនេះគឺមានភាពហ្មត់ចត់ជាងការងារមុនៗដែលផ្តោតលើទ្វីបអង់តាក់ទិក។
លោកបានបន្ថែមថា នេះផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវទំនុកចិត្តកាន់តែច្រើនលើការព្យាករណ៍របស់ពួកគេ៕
ទឹកសមុទ្រកាន់តែកើននៅទ្វីបអង់តាក់ទិកកំពុងបង្អាក់ចរន្តទឹកនៅមហាសមុទ្រជុំវិញពិភពលោក