​​ដោយ៖បូព៌ព្រឹក្ស,ពៅ និមល៖ព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ​ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យ​បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការរៀបចំ ចូលរួមពិព័រណ៍​​ចិន-អាស៊ាន ចំនួន១៩ លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀប​ចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅ​រៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋ​ប្រជាមានិតចិន។

ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិក អាស៊ាន​ និង​ប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៃការបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច ​របស់ប្រទេសចិន និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន​-អាស៊ាន និងជាខួបគម្រប់​២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។ គណៈកម្មការរៀបចំ​ពិព័រណ៍បាន​អញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមាន​អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគ ចិន-អាស៊ានជាដើម។

ប្រភពដដែលបន្តថា ដើម្បីស្តារ និងជំរុញសកម្មភាព​ពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម​ក្នុងនាមដៃ​គូសហការរៀបចំ សូម​​​អញ្ជើញ​​ធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែល​មាន​បំណងតភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្មឡើងវិញ​ជាមួយពាណិជ្ជករចិន និងអាស៊ាន សូមចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ និង​ព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើនកុះករ។

ក្រសួងនឹងចាប់ទទួលពាក្យសុំចូលរួមចាប់ថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជាកំណត់។
សម្រាប់ព័ត៌មាន​បន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម​ តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥/ ០១៧ ៧៥៩ ៥៦៧/ ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ [email protected] / [email protected]​ / [email protected]៕សរន