ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសេដ្ឋីបច្ចេកវិជ្ជាម្នាក់បានពណ៌នាការប្រណាំងប្រជែងឆ្ពោះទៅរកបញ្ញាសិប្បនិម្មិតដ៏ល្អឥតខ្ចោះ (AI)គឺប្រៀបបីដូចជាការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងសតវត្សរ៍ទី ២១។
លោក ខេវិន បារ៉ាហ្គោណា (Kevin Baragona) គឺជាអ្នកជំនាញឈានមុខគេម្នាក់ក្នុងចំណោមអ្នកជំនាញឈានមុខគេជាង ១.០០០ នាក់ដែលបានចុះហត្ថលេខាលើលិខិតចំហនៅវិទ្យាស្ថានអនាគតនៃជីវិត ដោយអំពាវនាវឱ្យមានការផ្អាកលើ “ការប្រណាំងប្រជែងដ៏គ្រោះថ្នាក់” ដើម្បីអភិវឌ្ឍ AI ដូច ChatGPT។
ដូចការផលិតគ្រាប់បែកបរមាណូក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ដែរ លោកបារ៉ាហ្គោណាបានប្រាប់ DailyMail.com ថា “បញ្ញា AI គឺដូចជាអាវុធនុយក្លេអ៊ែរនៃសូហ្វវែដូច្នេះដែរ”។
លោកបានបន្តថា “មនុស្សជាច្រើនបានពិភាក្សាគ្នាថាតើយើងគួរឬមិនគួរបន្តអភិវឌ្ឍពួកវា”។
លោកបារ៉ាហ្គោណាបានប្រាប់ DailyMail.com ថា “វាស្ទើរតែស្រដៀងទៅនឹងសង្គ្រាមរវាងស្វានិងមនុស្ស។ មនុស្សច្បាស់ជាឈ្នះដោយសារយើងឆ្លាតជាងហើយអាចប្រើបច្ចេកវិជ្ជាទំនើបជាងដើម្បីកម្ចាត់ពួកវា”។
“ប្រសិនបើយើងដូចជាសត្វស្វាវិញនោះ AIនឹងបំផ្លាញយើងឬយើងនឹងក្លាយជាទាសកររបស់វាជាមិនខាន”។
ការភ័យខ្លាចនេះបានកើតឡើងជាមួយនឹងការងើបឡើងមិនធម្មតានៃ ChatGPT ដែលធ្វើព្យុះភ្លៀងពេញពិភពលោកក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាចប្រឡងជាប់ផ្នែកវេជ្ជសាស្ត្រ និងច្បាប់យ៉ាងងាយ ខណៈដែលមនុស្សត្រូវការចំណាយពេលជិតបីខែដើម្បីត្រៀមខ្លួនប្រឡង។
អំណាចនៃ AIដូច ChatGPT បានបង្កឱ្យមានសង្គ្រាមស៊ីវិលនៅ Silicon Valley ។
លោក អេឡុន ម៉ាស និងសហស្ថាបនិក Apple លោក ស្ទីវ វ៉ូស្នីអាក់ (Steve Wozniak) បានចុះហត្ថលេខាលើលិខិតនេះសម្រាប់ការផ្អាក AI ខណៈលោក ប៊ីល ហ្គេតនិងនាយកប្រតិបត្តិ Google លោក ស៊ូដា ពីឆៃ (Sundar Pichai) មិនបានធ្វើនោះទេ។
លោកបារ៉ាហ្គោណាបាននិយាយថា “ខណៈខ្ញុំគ្រាន់តែអាចប៉ាន់ស្មានមូលហេតុដែលហ្គេតនិងស៊ូដាមិនព្រមចុះហត្ថលេខាលើលិខិតដើម្បីផ្អាកការស្រាវជ្រាវ AI កម្រិតខ្ពស់ ខ្ញុំគិតថាពួកគេមិនបានធ្វើដូច្នេះព្រោះតែពួកគេបានចុះហត្ថលេខាលើការត្រួតពិនិត្យដើម្បីពន្លឿនដំណើរការ AI”។
ក្រុមហ៊ុន Microsoft ដែលបង្កើតឡើងដោយលោកហ្គេត បានវិនិយោគយ៉ាងច្រើនទៅក្នុងក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ។
ក្នុងខែមករា គេប៉ាន់ស្មានថាក្រុមហ៊ុនរបស់លោកហ្គេតបានវិនិយោគបន្ថែម ១០ ពាន់លានដុល្លារក្នុងការចាប់ផ្តើមអាជីវកម្មដើម្បីប្រកួតប្រជែងជាមួយ Google ក្នុងការធ្វើពាណិជ្ជកម្ម AI ថ្មី៕
លោក ខេវិន បារ៉ាហ្គោណា បារម្ភថា AI នឹងបំផ្លាញមនុស្ស ប្រសិនបើវាឆ្លាតជាងមនុស្ស