ដោយ:សម្បត្តិ ព្រះសីហនុ ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ លោក សាយ សំអាល់ មានប្រសាសន៍ថាយើងទាំងអស់ត្រូវចូលរួមបន្តថែរក្សាសុខសន្តិភាពកម្ពុជាកំពុងមាន ដែលនាំឲ្យគ្រប់វិស័យមានការអភិវឌ្ឍរីកចម្រើន ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ជិត៧០០នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ។
លោក សាយ សំអាល់ បានបញ្ជាក់ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានភ្លក់គ្រប់រសជាតិក្នុងរយះពេលជាង៤០ឆ្នាំកន្លងមកនេះជាមួយនឹងប្រជាជនកម្ពុជា ទាំងដំណាក់កាលសង្គ្រាម លំបាកវេទនា រហូតដល់ដំណាក់អភិវឌ្ឍនៅទូទាំងប្រទេស ដែលមិនមានគណបក្សនយោបាយណាអាចប្រៀបប្រដូចបាននោះទេ ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យសមាជិក-សមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបញ្ចូលថ្មីនាពេលនេះ ចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តពហុបំណង ដើម្បីទាក់ទាញវិយោគិនមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើង ។
លោក សាយ សំអាល់ ក៏បានក្រើនរំលឹកដល់សមាជិក-សមជិកាបក្សទាំងអស់ដុសខាតចំណេះជំនាញរបស់ខ្លួនឲ្យបានល្អ និងពោរពេញទៅដោយសមត្ថភាពដើម្បីជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។ ហើយការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិក-សមាជិកា នាពេលនេះគឺត្រឹមត្រូវបំផុត ព្រោះថ្នាក់ដឹកនាំបក្សសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការនាំនាវាកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ៕សរន/R