ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថា្នក់កណ្តាល បានបញ្ជាក់ថាៈ ពិតណាស់ ភាពសុខសាន្តត្រាណ ដូច ពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេង របស់គណបក្សប្រជាជន កម្ពុជា ដែលជាគណបក្ស តែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗ សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួល រងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍ កន្លងមកហើយ។

ការបញ្ជាក់នេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ កម្ពុជាបានទទួលនូវសុខសន្តិភាព ពេញលេញ ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍប្រទេសឡើងវិញ លើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញ នូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។ ពេលនោះ យើងមិនមាន ធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើប​ត្រូវបានរំដោះចេញពីរបប ប៉ុល ពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរ ទាំងអស់ ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវ ការខ្វះខាត ស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែ ដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោល នយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច,អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គម ជាតិយើង។

លោកបណ្ឌិត បានលើកឡើងថាៈ រាជរដ្ឋាភិបាលក្រោមរដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជា គ្រប់រូបៗ ត្រូវទទួលបានដូចៗគ្នា។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល បានខិតខំពង្រីកវិស័យអប់រំ ឱ្យកាន់តែកៀកជិតបំផុត នៅតាមមូល ដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្ត នូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំ កម្ពុជា​ឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡង ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។

ជាមួយគ្នានេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងកន្លងមក របស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស របស់កម្ពុជា, ជាពិសេសចំពោះការលះបង់ ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុ សិស្ស ទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងសីលធម៌ ស័ក្តិសមជា សសរទ្រូងដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថាៈ សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់ លើការពង្រឹងគុណភាពអប់រំ ជាពិសេស ការផ្តោតសំខាន់ ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សា តាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ច ក្នុងវិស័យអប់រំចំណេះដឹងទូទៅ។ ស្របពេលនឹងការគិតគូរបង្កើនថវិកា សម្រាប់វិស័យអប់រំ ដល់ទៅជាង ១១% ធៀបនឹងឆ្នាំ២០២២, រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់ លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រង សាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលកើតមានឡើង ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក -សមាជិកា នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះ គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ច យ៉ាងសកម្ម ក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿង យូរអង្វែងតទៅ៕/V/R