ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ពីប្រព័ន្ធព្យុះធំមួយដែលបានវាយប្រហារអាម៉េរិកខាងត្បូង កណ្តាលនិងខាងកើតជាមួយនឹងព្យុះប្រមោយដំរីជាច្រើន និងខ្យល់ព្យុះសង្ឃរាបានកើនដល់២៦និងរាប់រយនាក់រងរបួសគិតត្រឹមល្ងាចថ្ងៃសៅរ៍។
អ្នកនាំពាក្យម្នាក់នៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងរដ្ឋថិនណេស៊ី ដែលរងគ្រោះខ្លាំងពីព្យុះជាច្រើនចាប់តាំងពីថ្ងៃសុក្រមក បានបញ្ជាក់អំពីការស្លាប់មនុស្ស១២នាក់ទាក់ទងនឹងអាកាសធាតុអាក្រក់នេះ។
វាបន្ថែមលើចំនួនមនុស្សស្លាប់១៤នាក់នៅរដ្ឋអាកាន់សាស់ រដ្ឋមីស៊ីស៊ីពីនិងអាឡាបាម៉ានៅប៉ែកខាងត្បូងប្រទេស និងនៅរដ្ឋអ៊ីនឌីយ៉ាណា(Indiana)និងអ៊ីលីណយ(Illinois)នៅតំបន់មីដវ៉េស(Midwest)។
ប្រព័ន្ធព្យុះនេះកាលពីថ្ងៃសៅរ៍បានវាយប្រហារឆ្នេរខាងកើតអាម៉េរិក ហើយព្យុះផ្គររន្ទះ ព្យុះព្រិលនិងខ្យល់ព្យុះសង្ឃរាត្រូវគេព្យាករណ៍ថានឹងកើតមាននៅយប់ថ្ងៃអាទិត្យ។
កាលពីថ្ងៃសុក្រ ព្យុះសង្ឃរាមួយបានបញ្ជូនព្យុះប្រមោយដំរី(ខ្យល់កួចយក្ស)ជាច្រើនទៅវាយប្រហាររដ្ឋអាកាន់សាស់ រួមទាំងទីក្រុងលីតថល រ៉ុក(Little Rock)ដែលនៅទីនោះមនុស្សប្រាំនាក់បានស្លាប់។
ការបំផ្លិចបំផ្លាញមានទំហំធំធេង ដោយផ្ទះរាប់ពាន់ត្រូវខ្យល់ចាប់ហែក រថយន្តប៉ើងផ្ងារ បង្គោលភ្លើងនិងដើមឈើដួលរលំ។
សេវាអាកាសធាតុជាតិក៏ចេញការព្រមានអំពីព្យុះសំរាប់រដ្ឋជាច្រើនទៀត ចាប់ពីភាគខាងជើង ដូចជារដ្ឋអាយអូវ៉ា(Iowa)ដល់រដ្ឋមីស៊ីស៊ីពីនៅភាគខាងត្បូងប្រទេស កន្លែងដែលមនុស្ស២៥នាក់ត្រូវបានព្យុះសម្លាប់កាលពីសប្តាហ៍មុន។
ព្យុះប្រមោយដំរីនេះកើតមានជាធម្មតានៅសហរដ្ឋអាម៉េរិកជាពិសេសនៅតបន់កណ្តាលនិងខាងត្បូងប្រទេស។
ប្រធានាធិបតីចូ បៃដិន កាលពីថ្ងៃសុក្របានទៅមើលស្ថានភាពនៅទីក្រុង រ៉ូលលីង ហ្វក(Rolling Fork)នៅក្នុងរដ្ឋមីស៊ីស៊ីពី ជាទីក្រុងមួយដែលរងការវាយប្រហារដោយព្យុះកាលពីសប្តាហ៍មុន៕