​បង្ហូរទឹក​ចេញពី​អាង​ស្តុក​ទំនប់​វា​រី​អគ្គិសនី កំចាយ​លើក​ទី​ពីរ ពេល​កម្ពស់​ទឹក​ឡើង​ខ្លាំង​

1439
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ដោយសារ​កម្ពស់​ទឹក ក្នុង​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ឡើងដល់​កម្រិត ១៤៩,២៧ ម៉ែត្រ ធៀប​នឹង​នីវ៉ូ​សមុទ្រ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បានសម្រេច​បើក​បង្ហូរទឹក​ចេញ ពី​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ជា​លើក​ទី​ពីរ អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ ព្រោះតែ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ ជាប់ៗ​គ្នា​។​

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត លោក សោម វិចិត្រ បាន​ប្រាប់​ឱ្យដឹងថា នៅ​ម៉ោង ៥ រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បានសម្រេច​បង្ហូរទឹក ជា​លើក​ទី​ពីរ ចេញពី​អាង​ស្តុក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ក្រោយ​ការបង្ហូរ​លើកដំបូង ដោយ​ប្រើ​រយៈពេល បួន​ថ្ងៃនោះ​។ មុនពេល​ចាប់ផ្តើម​បើកទ្វារ​ទឹក ចំនួន​បី ស្ថានភាព​ទឹក ក្នុង​អាង​ស្តុក មាន​កម្ពស់ ១៤៩,២៧ ម៉ែត្រ ហើយ​បរិ​មាណទឹក កំពុង​ហូរ​ចូល មាន​ទំហំ ១.២៥៦,៣៥ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​។

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា មុនពេល​បើក​បង្ហូរទឹក នា​ល្ងាច​នេះ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​ជូនដំណឹង តាមរយៈ​អាជ្ញាធរ​ខេត្តកំពត ដើម្បី​បាន​បន្ត​ផ្សព្វផ្សាយ ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ពេល​ក្នុង​អាង​ស្តុក ទឹក​ឡើងដល់​កម្រិត ១៤៨,៥៩ ម៉ែត្រ ស្រប​នឹង​ទឹក​ហូរ​ចូល មាន​បរិមាណ ៥១៨,២៣ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​នោះ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បានសម្រេច​បើកទ្វារ​ទឹក​មួយ គឺ​ទ្វារ​លេខ​៣ ដោយ​បង្ហូរទឹក​ចេញ ក្នុង​បរិមាណ ២៨៣ ម៉ែត្រត្រីគុណ ក្នុង​មួយ​នាទី​។ ក្រោយពី​ប្រើ​រយៈពេល បួន​ថ្ងៃ ពោលគឺ​នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ខណៈដែល​កម្ពស់​ទឹក បាន​ធ្លា​ក់មក​ត្រឹម ១៤៨,៥២ ម៉ែត្រ ជាមួយនឹង​បរិមាណ​ទឹក​ហូរ​ចូល​អាង​ស្តុក ត្រឹមតែ ១៨០,១៩ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី ក្រុមហ៊ុន ក៏បាន​សម្រេច​បិទទ្វារ​ទឹក ផ្អាក​ការបង្ហូរ​ចេញ ដើម្បី​រក្សាទុក​ប្រើប្រាស់ តាម​តម្រូវ​ការចាំបាច់​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរក្សា​ទឹក​ទុក​នោះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់ មិន​ឈប់ ទើប​រហូតដល់​ថ្ងៃទី​១៧ ខែកក្កដា​នេះ កម្ពស់​ទឹកបាន​ហក់​ឡើង ដល់​ជាង ១៤៩ ម៉ែត្រ ក៏​តម្រូវឱ្យមាន​ការបង្ហូរ​ទឹក​ចេញ ពី​អាង​ស្តុក​លើក​ទី​ពីរ នេះ​ទៀត​។​

​ជាមួយនឹង​ការបើក​បង្ហូរទឹក លើក​ទី​ពីរ​នេះ ស្របពេល​ទឹកសមុទ្រ​ជោរ​ផង បាន​បណ្តាលឱ្យ​ទឹក​ចាល់ ហូរ​ចូល​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​មួយចំនួន ក្នុងស្រុក​ទឹកឈូ ហើយ​តាម​ការរំពឹង នា​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ភាគ​ខ្លះ​នៃ​ក្រុង​កំពត ក៏​អាច​ទទួល​ការលិចលង់​ផងដែរ បើ​ទឹកសមុទ្រ មិនទាន់​ដល់​វេលា​នាច ទៅវិញ​នោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម