កម្ពុជាៈ​ជំនន់​ទឹកភ្លៀង​បានកើត​ឡើង​នៅ​ប្រាំ​ខេត្ត​

1867
ចែករម្លែក

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ នៅ​កម្ពុជា​ជំនន់​ទឹកភ្លៀង​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ បានជន់​លិច​នៅ​តំបន់​មួយ ចំនួន ក្នុង​ប្រាំ​ខេត្ត រួមមាន ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និង​ខេត្តបាត់ ដំបង​។ ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និងខេត្ត​ព្រះសីហនុ ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង គេ ដោយ​ទឹក​លិច​ផ្លូវ មិន​អាចធ្វើ​ចរាចរ​បានឡើយ​។ នេះ​បើ តាម​ការបញ្ជាក់​របស់​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

.​ទឹកជំនន់​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច ៣០៣ (​ព្រំដែន​កម្ពុជា​-​ថៃ​) ស្ថិតក្នុង​ឃុំ​ប៉ាក​ខ្លងស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង នា​ថ្ងៃទី ១៧ ខែកក្កដា (​រូបថត​ក្រសួង​ធនធានទឹក​)

​លោក កែវ វី មានប្រសាសន៍នៅរសៀលថ្ងៃទី១៧ខែកក្កដាថា ជំនន់​ទឹកភ្លៀង ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បានកើត​ឡើង ចាប់តាំងពី​ថ្ងៃទី​១៥ ខែកក្កដា នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ទឹងសំរោង ក្នុង​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​១៧ ខែកក្កដា ទើប​ជំនន់ទឹកភ្លៀង​ឡើង​ធ្ងន់ធ្ងរ​ដោយ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤​ជាង​មួយ​ម៉ែត្រ​ហើយ​ចរាចរណ ត្រូវ​បិទ​បណ្តោះអាសន្ន​។ អ្នកធ្វើ ដំណើរ​ត្រូវបាន​បង្វែរ​ទៅ​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៣ ពី​ខេត្ត​ព្រះសីហនុ មក​រាជធានី​ភ្នំពេញ​។​
​​
លោក កែវ វី បន្តថា ដោយឡែក នៅ​ខេត្តកោះកុង គិត​ត្រឹម​រសៀល​ថ្ងៃទី​១៧ ខែកក្កដា​ជំនន់​ទឹកភ្លៀង ក៏បាន​លិចលង់​តំបន់​មួយចំនួន នៅ​ស្រុក​មណ្ឌលសីមា ស្រុកស្រែ​អំបិល និង​ស្រុក​ថ្មបាំង​។ ក្នុងនោះ មាន​ប្រជាជន​មួយចំនួន ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​ដែល​លិច​ទឹក ទៅកាន់​ទីទួល​សុវត្ថិភាព នៅក្នុង​ស្រុកស្រែ​អំបិល​។​

.​ទឹកជំនន់​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច ៣០៣ (​ព្រំដែន​កម្ពុជា​-​ថៃ​) ស្ថិតក្នុង​ឃុំ​ប៉ាក​ខ្លងស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង នា​ថ្ងៃទី ១៧ ខែកក្កដា (​រូបថត​ក្រសួង​ធនធានទឹក​)

​​ជាមួយគ្នា​នោះ ជំនន់​ទឹកភ្លៀង ក៏បាន​ប៉ះពាល់​នៅ​តំបន់​មួយចំនួន ក្នុង​ខេត្តបាត់ដំបង ដែល​លោក កែវ វី លើកឡើងថា ទឹកភ្លៀង​បាន​ពេញ​ក្នុង​ប្រព័ន្ធធារាសាស្ត្រ ហើយ​អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​បើកទ្វារ​ទឹក នៅ​អាងទឹក​មួយចំនួន​។ នៅ​ខេត្តកំពង់ស្ពឺ ក៏​ដូចគ្នា ដោយសារតែ​ភ្លៀង​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ ទើប​អាជ្ញាធរ​បើកទ្វារ​ទឹក​នៅ​ទំនប់ទឹក ២​កន្លែង ហើយ​នៅ​ទំនប់ ៣​ទៀត មិនទាន់​បើកទ្វារ​ទឹក​ទេ ដោយសារតែ​វា​ប៉ះពាល់​ដល់​ស្ទឹង​ព្រែក​ត្នោត​។​

​​ដោយឡែក​នៅ​ខេត្តកំពត​ក៏មាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ខ្លះ ។​លោក កែវ វី និយាយថា នៅ​ថ្ងៃទី​១៧ ខែកក្កដា អាជ្ញាធរ​សមត្ថកិច្ច​បា​ន​បើកទ្វារ​ទឹក នៅ​ទំនប់​វា​រី​អគ្គិសនី​ស្ទឹងកំចាយ​ដោយសារតែ​ទឹកភ្លៀង មាន​ធ្លា​ក់មក​។ អាជ្ញាធរ​ខេត្តកំពត ក៏ បាន​ចេញ​សេចក្តីជូនដំណឹងនៅ​ថ្ងៃទី​១៧ ខែកក្កដា ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អម​សង្ខាង​ស្ទឹង​កំពត ប្រុងប្រយ័ត្ន ដោយសារ​តែ មានការបើក​ទ្វារ​ទឹក​ឡើងវិញ​។​

អាជ្ញាធរ​សមត្ថកិច្ច មិនទាន់​បូកសរុប​របាយការណ៍​លិចលង់ និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នាពេលនេះ​ទេ​។ ប៉ុន្តែ​លោក កែវ វី បញ្ជាក់ថា ជាទូទៅ ជំនន់​ទឹកភ្លៀង ស្រក​លឿន មិន​បង្កការខូចខាត​ដល់​ផលដំណាំ​ប៉ុន្មាន​ទេ តែ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ត្រូវ​ជម្លៀសចេញពីផ្ទះ​លិច​ទឹក​។ ការជម្លៀស​ប្រជាជន​ចេញពីផ្ទះ​លិច​ទឹក គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា
មានតែ​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​ប៉ុណ្ណោះ តែ​មិនទាន់​ដឹងថា មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។

​​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ក្នុងកំឡុងពេល ២-៣ ថ្ងៃ​ខាងមុខនេះ ទឹកទន្លេ​មេគង្គ​លើ ក្នុងប្រទេស​កម្ពុជា នឹង​ហក់​ឡើង ហើយ​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក និង​តំបន់​ទំនាប​នានា ដែល​ស្ថិតនៅ​អមសងខាង​ទន្លេមេគង្គ​លើ​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១៦ ខែកក្កដា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម និង​ដែល​កំពុង​ប្រកប​របរ​រក​កសិកម្ម នៅ​អម​សងខាង​ផ្លូវទឹក និង​តំបន់​ទំនាប​នានា មេត្តា​រួសរាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់ពេលវេលា​។​
​ ​
សេចក្តីជូនដំណឹង​ដដែល​ប្រាប់ថា ដោយសារតែ​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​កើតឡើង និង​កំពុងស្ថិត​លើ​តំបន់​ផ្ទៃ​ទឹកភ្លៀង​របស់​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ បានធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​៕ សរន

ទិដ្ឋភាព​ទឹក​ហូរ​ចាក់​តាម​សំណង់​បង្ហៀរ​នៃ​ប្រព័ន្ធធារាសាស្ត្រ​ពាម​ពូ​ល ស្ថិតក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅកាន់​ស្ទឹង​ព្រែក​ត្នោត​ដែល​នៅ​ផ្នែក​ខាងក្រោម (​រូបថត​ក្រសួង​ធនធានទឹក​)
ទិដ្ឋភាព​ទឹក​ហូរ​ចាក់​តាម​សំណង់​បង្ហៀរ​នៃ​ប្រព័ន្ធធារាសាស្ត្រ​ពាម​ពូ​ល ស្ថិតក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅកាន់​ស្ទឹង​ព្រែក​ត្នោត​ដែល​នៅ​ផ្នែក​ខាងក្រោម (​រូបថត​ក្រសួង​ធនធានទឹក​)
.​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត​(​រូបថត​ក្រសួង​ធនធានទឹក​)
.​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត​(​រូបថត​ក្រសួង​ធនធានទឹក​)
​ស្ថានភាព​ទឹកជំនន់​នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិ​លេខ ៤ ថ្ងៃទី ១៧ ខែកក្កដា ។ ពេលនេះ ទឹក​កំពុង​ហូរ​យ៉ាងគំហុក​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ ៨០០-៩០០ ម៉ែត្រ និង​មាន​កម្ពស់​ប្រមាណ ១,៥០ ម៉ែត្រ (​រូបថត​ក្រសួង​ធនធានទឹក​)

​​

ទីតាំងផ្សាយពាណិជ្ជកម្ម