ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសដៃដល់ បានចាក់ប្រពន្ធ មួយកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ដែលអ្នកភូមិ និងសមត្ថកិច្ចថា មកពីភ្លើងប្រច័ណ្ឌ ។ នគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ បានឱ្យដឹង នាថ្ងៃទី២ ខែមេសានេះថា ករណីនេះ បានកើតឡើង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិថ្មី ឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកម៉ាឡៃ បានបន្តថាៈ ជនដៃដល់ជាប្តី មានឈ្មោះ ជា សារ៉ាន់ បានចាក់ប្រពន្ធឈ្មោះ មើយ ភើង មួយកាំបិត ស្លាប់ភ្លាមៗ រួចរត់គេចខ្លួនបាត់ ។

លោកវរសេនីយ៍ បេន សំអាត អធិកានគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថាៈ ករណីនេះ សមត្ថកិច្ច បាននឹងកំពុងដុតដៃដុតជើង ស្រាវជ្រាវតាមចាប់ខ្លួន ជនដៃដល់ ជាប្តី ដើម្បីនាំខ្លួនមកដាក់ទោសតាមច្បាប់។ លោកបានបញ្ជាក់ថា
ករណីនេះ បានកើតឡើង ដោយសារតែភ្លើងប្រច័ណ្ឌ ។ ជនដៃដល់ មានទីលំនៅ នៅឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕/V