ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក បោន ប៊ិន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងារថ្នាក់ខេត្ត គណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​និងមន្ត្រី បានជួបសំណេះសំណាលជាមួយ ក្រុមការងារមូលដា្ឋន ភូមិ-ឃុំ-ស្រុក លោកគ្រូ អ្នកគ្រូ​ ព្រមទាំងនាំយកកង់​ចំនួន ៥០ ដែលជាអំណោយរបស់លោក ឈឿង ឈីវអៀ ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ផ្ដល់ជូនសិស្សានុសិស្ស មានជីវភាពខ្វះខាត ជួបការលំបាក ចំនួន ៥០ នាក់ ក្នុងស្រុកភ្នំស្រុក។

នៅក្នុងពិធីដែលប្រារព្ធធ្វេីឡើង នៅទីសា្នក់ការគណបក្ស ស្រុកភ្នំស្រុកនោះ លោក បោ​ន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេី សាកសួរសុខទុក្ខពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​និងលោក អ៊ុំ រាត្រី​ ប្រធានគណៈកម្មាធិការការ​គណបក្សប្រជាជនកម្ពុជាខេត្ត​ជូនចំពោះសមាជិក សមាជិកា ដោយក្តីនឹករលឹក។

លោកបានលើកឡើងថាៈ គណបក្សប្រជាជនកម្ពុជា​ បានរក្សាខ្ជាប់នូវប្រពៃណី ស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ច ដែលគណបក្សប្រជាជន បានដាក់ចេញ និងកំពុងបន្តជំរុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះ ស្រាយបញ្ហាជីវភាព ជូនប្រជាជន ឱ្យបានកាន់តែល្អប្រសើរ និងបន្តរួមសាមគ្គីជា ធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗ ថ្មីៗបន្ថែមទៀត លើមាគ៌ានៃការអភិវឌ្ឍ។

ចុងបញ្ចប់នៃពិធីនេះ លោក បោន ប៊ិន​ក៏បាននាំយកអំណោយផ្តល់ជូនសមាជិក សមាជិកា ១១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន មីចំនួន១កេស,​ សារុងចំនួន ១, អាវយឺតគណបក្សចំនួន១​ , លោកគ្រូ-អ្នកគ្រូ ចំនួន ២០នាក់​ក្នុងម្នាក់ៗ ទទួល បាន មី១កេស, សារុង១,​ អាវយឺតគណបក្ស១,​ និងបាល់ទះ ១០គ្រាប់,​ បាល់ ទាត់ ១០ គ្រាប់ សម្រាប់ចាត់ចែងតាមសាលា​, ជាមួយគ្នានោះ សិស្សានុសិស្ស មានជីវភាពខ្វះខាត ចំនួន ៥០ នាក់ ក្នុងម្នាក់ៗ ទទួលបានកង់ ១គ្រឿង, កាបូបស្ពាយ១ , សៀវភៅ ១០ក្បាល , ប៊ិច២០ដើម,​ ខោអាវកីឡា ១កំប្លេ,​ និងសម្ភារៈសិក្សាមួយចំនួនទៀត ក្នុងនោះដែរ ការិយាល័យអប់រំស្រុក ទទួលបានម៉ាស៊ីនព្រីន ចំនួន ២ គ្រឿង ៕ V / N