ដោយៈមុនីរ័ត្ន/ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត សាម អ៊ីន ដែល បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាលសម្តេចនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីឱ្យស្របតាមជំនាញដែលលោកមាននិងអាចធ្វើបាន។ បណ្ឌិត សាម អ៊ីន គឺជាប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ។បន្ទាប់មក សម្តេចតេជោ ក៏បានស្វាគមន៍លោក សែមហាក់ អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងផ្តល់ឋានៈជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថានផងដែរ។

លោក សាម អ៊ីន (រូបថត ហ្វេសប៊ុកលោក សាម អ៊ីន)

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនៅល្ងាចថ្ងៃទី ២ ខែមេសាថា”មុននេះបន្តិចខ្ញុំបាន ទទួលលិខិតពីបណ្ឌិត សាម អ៊ីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងនាមគណបក្សប្រជាជន កម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិតសាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បី
ឱ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន។”

ដោយឡែកនៅរាត្រីដដែលនេះសម្តេចតេជោ ហ៊ុន សែន បានបន្តដោយបង្ហាញឥស្សរជនមួយរូបទៀត គឺ លោក សែម ហាក់ ។សម្តេចតេជោបានបញ្ជាក់ថា បន្ទាប់ពីបណ្ឌិតសាម អ៊ីន ខ្ញុំទើបបានទទួលពាក្យស្នើសុំពីលោក សែម ហាក់ អតីតអគ្គលេខា​គណ​បក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបចាកចេញសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
សម្តេចតេជោសរសេរទៀតថា “យើងពេញចិត្តនិងទទួលយកនិងប្រគល់ការងារនៅក្រសួងបរិស្ថានក្នុងឋានៈជា
អនុរដ្ឋលេខាធិការ”។

ចំណែកបណ្ឌិតសាមអ៊ីនបានសរសេរលើបណ្តាញសង្គមថា”ទឹកចិត្តមហាសមុទ្រក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់ ឯ.ឧ សាយ សំអាល់ ជារដ្ឋមន្រ្តី។”

លោកបណ្ឌិត សាម អ៊ីន បានសម្តែងក្តីរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។

ជាមួយគ្នានេះបណ្ឌិត សាម អ៊ីន បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្រ្តី និង ឯ.ឧ រដ្ឋមន្រ្តី ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់លោក។បណ្ឌិត សាម អ៊ីន យល់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រដែលទឹកអាចហូរ ចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ។

គួររំលឹកថា បណ្ឌិត សាម អ៊ីន បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត សាម អ៊ីន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ដោយបានស្វែងយល់អំពីគោលនយោបាយចតុកោណ​​បស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ជាពិសេសគោលនយោបាយទាក់ទងនឹងការ អភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន(ចតុកោណទី៤នៃយុទ្ធសាស្រ្តចតុកោណ)និងការងាររបស់ក្រសួងបរិស្ថានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិទូទាំងប្រទេស រួមទាំងការងារជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិ ដែលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចការពារធនធានធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រីនៅតំបន់ជនបទដាច់ ស្រយាល លោកមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារលោកមានជំនាញ ចំណេះដឹងបទពិសោធន៍ និងភាពពេញចិត្តលើកិច្ចការទាំងនេះ។

អាស្រ័យហេតុនេះ លោកសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាល ក្នុងក្រសួងបរិស្ថាន រួមចំណែកលើការងារគាំទ្រ សហគមន៍តំបន់ការពារ ការអភិវឌ្ឍអេកូទេសចរណ៍ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕សរន