ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​ទទូច​សុំ​អោយ​រុស្ស៊ី​ដោះលែង​អ្នកយក​ព័ត៌មាន​របស់​កា​សែ​ត​Wall Street Journal​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុនជា​បន្ទាន់ និង​ជនជាតិ​អាម៉េរិក​ម្នាក់​ទៀត​​។​

​លោក​ប្លីន​កិន ទូរស័ព្ទ​ទៅ​សម​ភាគី​រុស្ស៊ី លោក​ឡាវ​រ៉ូវ អោយ​ដោះលែង​ជនជាតិ​អាម៉េរិក​

​ក្នុង​ការហៅ​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​រុស្ស៊ីលោកសឺ​ហ្គេ ឡាវ​រ៉ូវ លោក​ប្លីង​កិន បាន​សម្តែង​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការចាប់ខ្លួន​អ្នកកាសែត អ៊ី​វ៉ាន់​ហ្គឺស​កូវី​ច​(Evan Gershkovich )​ពីបទ​ធ្វើចារកម្ម​លប​លួច​យក​ការសម្ងាត់​នៅ​ទីតាំង​ផលិត​អាវុធ​រុស្ស៊ី​មួយ​។​លោក​ប្លីង​កិន បាន​អំពាវនាវ​អោយ​ដោះលែង​ជន​នេះ​ជា​បន្ទាន់​។​

លោក​ក៏​សុំ​អោយ​ដោះលែង​លោក​ផល វ៉េ​លឹន​(Paul Whelan)​ដែល​អាម៉េរិក​ចាត់​ទុក​ថា​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​។​

​លោក​វ៉េ​លឹន ជា​នាយក​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​មី​ស៊ី​ហ្គឹ​ន និងត្រូវបាន​ចាប់ឃុំខ្លួន​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៨​ពី​បទ​ចោទប្រកាន់​ចារកម្ម​ផងដែរ​។​គ្រួសារ​របស់​លោក​និង​រដ្ឋាភិបាល​អាម៉េរិក​អះអាងថា ការចោទប្រកាន់​របស់​រុស្ស៊ី​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់។​លោក​កំពុង​ជាប់គុក​ក្នុងប្រទេសរុស្ស៊ីក្រោយ​ការកាត់ទោស​អោយ​ជាប់គុក​១៦ឆ្នាំ​។​

​លោក​ប្លីន​កិន និង​លោក​ឡាវ​រ៉ូវ ក៏​បាន​ពិភាក្សា​គ្នា​អំពី​សារសំខាន់​នៃ​ការបង្កើត​បរិយាកាស​មួយ​ដែល​អនុញ្ញាត​អោយ​បេសកកម្ម​ការទូត​អនុវត្ត​ការ​ងារ​របស់គេ​។​

​សេវា​ស៊ើបការណ៍​FSB​របស់​រុស្ស៊ី​បាន​និយាយថា​លោក ហ្គឺស​កូវី​ច បាន​កំពុង​ប្រមូល​ព័ត៌មាន​អំពី​សហគ្រាស​មួយ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​យោធា​ពេល​ត្រូវ​ប​ានចាប់ខ្លួន​។​អាជ្ញាធរ​បាន​ឃាត់ខ្លួន​លោក​កាលពី​សប្តាហ៍​មុន និង​លោកជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អាម៉េរិក​ទីមួ​យ​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​រុស្ស៊ី​ពីបទ​ធ្វើ​ការ​លប​លួច​យក​ការសម្ងាត់​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​។​

​អង្គភាព​កាសែត​ខាងលើ​បាន​បដិសេធ​ការចោទប្រកាន់ និង​ទាមទារ​អោយ​ដោះលែង​អ្នកកាសែត​របស់​ខ្លួន​ផងដែរ​៕

​ក្រសួងការបរទេស​អាម៉េរិ​កចាត់ទុក​ការចាប់ខ្លួ​ន​លោក​ហ្គឺស​កូ​វី​ច​ថា មិន​អាច​ទទួលយកបាន​