​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក លី​អូ​ណា​ដូ ឌី​កាព្រី​យ៉ូ (Leonardo DiCaprio) បាន​ស្ថិតក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​មេសា​មិនមែន​ដើម្បី​ដាក់​សម្ពាធ​សមាជិក​​សភា​អំពី​បុព្វហេតុ​បរិស្ថាន​របស់​គាត់​ឬ​ដើម្បី​ថត​រឿងកុន​នោះទេ ប៉ុន្តែ​ដើម្បី​ផ្តល់​សក្ខីកម្ម​(​ក​ស្សិណ​)​ក្នុង​ការកាត់ក្តី​ពុករលួយ​ផ្នែក​នយោបាយ ដែល​ពាក់ព័ន្ធ​តារា​ហ៊ី​ប​ហប់​ទសវត្សរ៍​ទី​៩០​និង​អ្នក​ហិរញ្ញ​​វត្ថុ​ម៉ាឡេស៊ី​ដ៏​អាប់យស​មួយរូប​។​

​លោក ប្រា​ស មី​សែ​ល (Pras Michel) ជា​សមាជិក​នៃ​ក្រុម​តន្ត្រី​អាម៉េរិក The Fugees កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទ​ជួយ​ប្រើប្រាស់​លុយ​ដោយ​សម្ងាត់​ពី​លោក ឡូ​វ ថេក ចូ (Low Taek Jho) ជា​ពាណិជ្ជករ​ម៉ាឡេស៊ី ដែល​នៅ​ចំ​កណ្តាល​នៃ​រឿងអាស្រូវ​នេះ ដើម្បី​ជះឥទ្ធិពល​លើ​នយោបាយ​អាម៉េរិក​។​

ឌី​កាព្រី​យ៉ូ និងលោក ឡូ​វ ថេក ចូ

​លោក​ឌី​កាព្រី​យ៉ូ​បាន​បង្ក​ការចាប់អារម្មណ៍​ក្នុងបន្ទប់​សវនាការ​កាលពី​ថ្ងៃ​ចន្ទ ដោយ​ប្រាប់​អង្គ​ប្រឹក្សា​យោបល់​អំពី​ភាគី​ណា​ខ្លះ​ដែល​ទទួលបាន​លុយ​ពី​លោក​ឡូ​វ​ដែល​ប្រើ​លុយ​លួចបាន​ពី​មូលនិធិ​ទ្រព្យសម្បត្តិ​​អធិបតេយ្យ​របស់​ម៉ាឡេស៊ី ដែល​គេ​ស្គាល់​ថា 1Malaysia Development Berhad ឬ 1MDB ។​

​តារា​រឿង​Titanic ដែល​ត្រូវបាន​កោះហៅ​ឱ្យធ្វើ​សក្ខីកម្ម​ដោយ​អយ្យការ រូប​នេះ​មិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ខុស​នៅក្នុង​អ្វីដែល​បាន​ក្លាយ​ជា​ករណី​គៃបន្លំ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភព​​លោក​នោះ​ទេ​។​

​តារា​សម្តែង​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​ផ្តល់​សក្ខីកម្ម​ថា លោក​ឡូ​វ​បានរៀបចំ “​ពិធីជប់លៀង​ហ៊ឹកហ៊ាក់​ជាមួយ​មនុស្ស​ផ្សេងៗ​គ្នា​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក​” នៅ​លើ​នាវា​កម្សាន្ត និង​នៅ​ក្លិប​រាត្រី​ដែល​​ជារឿយៗ​មាន​តារា​ល្បីៗ​ចូលរួម ជួនកាល​មាន​ទាំង​តារាចម្រៀង​មី​សែ​ល​ផងដែរ​។​

​ឌី​កាព្រី​យ៉ូ​បាន​និយាយថា គាត់​និង​លោក​ឡូ​វ​បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ប្រហែល​ឆ្នាំ ២០១០ នៅ​ឯ​ពិធី​ជប់លៀង​មួយ​នៅ​ឡាសវេ​ហ្គាស ប៉ុន្តែ​តារា​សម្តែង​រូប​នេះ​ញញឹម​រួច​និយាយថា​គាត់​មិន​ចាំ​អ្វី​ទាំង​អស់​ពី​​ពិធីជប់លៀង​នា​យប់​មួយ​នោះ​។​

​បន្ទាប់​មក​គាត់​ត្រូវបាន​លោក​ឡូ​វ​អញ្ជើញ​ឱ្យ​ចូលរួម​ពិធីជប់លៀង​ជា​ទៀងទាត់ រួម​ទាំង​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​ដែល​ក្នុងនោះ​អ្នក​ដើរ​លេង​ជា​ច្រើន​នាក់​បាន​ជិះ​យន្តហោះ​ពី​ប្រទេស​អូស្ត្រាលី​ទៅកាន់​​សហរដ្ឋ​អាម៉េរិក​តាម​យន្តហោះ​ឯកជន ដើម្បី​មើល​នាឡិកា​បន្លឺ​ពាក់កណ្តាល​អធ្រាត្រ​ពីរដង​។​

​លោក​ឌី​កាព្រី​យ៉ូ​បាន​និយាយថា “​ខ្ញុំ​យល់​ថា​គាត់​ជា​អ្នកជំនួញ​ដ៏​ធំ​មួយ​រូប ដែល​មាន​ទំនាក់ទំនង​ផ្សេងៗ​ជាច្រើន​នៅក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី (Abu Dhabi) នៅ​ប្រទេស​ម៉ាឡេស៊ី​…​ជា​ប្រភេទ​អ្នកជំនួញ​​វ័យក្មេង​នៅក្នុង​ពិភព​ជំនួញ ដែល​ទទួលបាន​ជោគជ័យ​មិន​គួរឱ្យ​ជឿ​”៕

ឌី​កាព្រី​យ៉ូ​ឡើង​ផ្តល់ស​ក្ខីកម្ម​ក្នុង​ក្នុង​ការកាត់ក្តី​ពុករលួយ​ផ្នែក​នយោបាយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ