​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៣​ខែមីនា ឆ្នាំ ២០២៣ កងទ័ព​ចិន និង​កម្ពុជា បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា “​នាគ​មាស ២០២៣(Golden Dragon 2023)”​ក្រោម​ប្រធានបទ«​ប្រតិបត្តិ​ការការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗនិង​ការជួយ​សង្គ្រោះ​មនុស្សធម៌​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​»។​សមយុទ្ធ​នេះ​មាន​សកម្មភាព​សំខាន់ៗ​ចំនួន​បី​គឺ ការហ្វឹកហ្វឺន​បន្ស៊ាំ សមយុទ្ធ​បញ្ជា និង​សមយុទ្ធ​​ទូលំទូលាយ​។​

​សមយុទ្ធ​នេះ មាន​ចម្រុះ​យុទ្ធសាស្ត្រ​ដូចជា ការហ្វឹកហ្វឺន​បែប​សហការ សិក្ខាសាលា និង​ការផ្លាស់ប្តូរ​ព្រមទាំង​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដូចជា​ជំនាញ​ខាង​សន្តិសុខ និង​ការទប់ស្កាត់​គ្រោះថ្នាក់ និង​ការបង្ការ​ជំងឺ​រាតត្បាត និង​ការត្រួតពិនិត្យ ការ​បោសសំអាត​មីន និង​ការ​បំផ្ទុះ​គ្រាប់បែក និង​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​។

​សមយុទ្ធ​នេះ មាន​រយៈពេល​រហូតដល់​ថ្ងៃទី​៥​ខែមេសា ដោយមាន​អ្នកចូលរួម​ជាង ៣,០០០​នាក់ ដែល​ក្នុងនោះ​មាន​កងទ័ព​ចិន​ជាង​២០០​នាក់​។ ក្នុងអំឡុងពេល​សមយុទ្ធ​នេះ ភាគី​ចិន​បាន​អនុវត្ត​សកម្មភាព​សង្គ្រោះ​មនុស្សធម៌ ដូចជា​ផ្តល់​សម្ភារ និង​ការផ្គត់ផ្គង់​សាលារៀន​ព្រមទាំង​ផ្តល់​ការពិនិត្យ​សុខភាព​ជូន​អ្នកភូមិ និង​សិស្សានុសិស្ស​ជុំវិញ​តំបន់​នោះ​ផងដែរ​។​កងទ័ព​ចិន​ក៏បាន​រៀបចំ​សកម្មភាព​ផ្លាស់ប្តូរ​វប្បធម៌​ដូចជា​ការប្រកួត​បាល់ទាត់ និង​លេងល្បែង​ទាញព្រ័ត្រ និង​រៀបចំ​ពិធីជប់លៀង​ដើម្បី​លើកកម្ពស់​សមាហរណកម្ម​វប្បធម៌​បន្ថែមទៀត និង​ពង្រឹង​ចំណងមិត្តភាព​ចិន​-​កម្ពុជា​។​

​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​តាំងពី​យូរលង់​ណាស់​មកហើយ​។ ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​បន្ត​កាន់តែ​ស៊ីជម្រៅ​។​ប្រទេស​ចិន​មិន​ត្រឹមតែ​ក្លាយជា​អ្នកវិនិយោគ​និង​ម្ចាស់ជំនួយ​បរទេស​ធំជាងគេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ផងដែរ​។ សមយុទ្ធ​យោធា​រួម​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​យោធា​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​។ សមយុទ្ធ​យោធា​រួមគ្នា គឺជា​សកម្មភាព​កិច្ចសហប្រតិបត្តិការ​យោធា​ជាប្រចាំ​ប្រចាំឆ្នាំ​រវាង​យោធា​កម្ពុជា និង​ចិន​ហើយ​វា​ក៏​ជា​មធ្យោបាយ​ដ៏​សំខាន់​សម្រាប​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​វិស័យ​ការពារជាតិ និង​យោធា​ផងដែរ​។

​សមយុទ្ធ​យោធា​រួមគ្នា​នេះ​គឺជា​សមយុទ្ធ​យោធា​លើក​ទី​ប្រាំ​រវាង​ប្រទេស​ទាំងពីរ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​សមយុទ្ធ​យោធា​រួមគ្នា​នេះ​បាន​ដើរតួ​ដំបូង​ក្នុងការ​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​សន្តិសុខ​យោធា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​សមយុទ្ធ​បាន​បង្កើន​សមត្ថភាព​យោធា​របស់​កម្ពុជា ដោយហេតុនេះ​អាចជួយ​កម្ពុជា​ឱ្យ​ទប់ទល់​នឹង​ការ​គំរាម​ម​កំហែង និង​បញ្ហា​ប្រឈម​ពី​ខាងក្រៅ​បាន​កាន់តែ​ប្រសើរឡើង​។​ជាមួយគ្នានេះដែរ សមយុទ្ធ​រួមគ្នា «​នាគ​មាស​» ក៏​ផ្តល់ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​សង្គ្រោះ​គ្រោះមហន្តរាយ​និង​ជំនួយ​មនុស្សធម៌​ផងដែរ​។ កម្ពុជា​នឹង​ឆ្លើយតប​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ ឬ​វិបត្តិ​ផ្សេងៗ​។ លើសពីនេះ សមយុទ្ធ​យោធា​រួមគ្នា​នេះ​បាន​នា​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

​គោលបំណង​នៃ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​គឺ​ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអភិវឌ្ឍ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​និង​ការកសាង​សហគមន៍​ដែលមាន​អនាគត​រួមគ្នា​។ ប្រធានបទ «​ប្រតិបត្តិ​ការការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ការជួយ​សង្គ្រោះ​មនុស្សធម៌​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​»​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​យន្តការ​អនុវត្ត​ក្រោម​ក្របខណ្ឌ​នៃ​ការកសាង​សហគមន៍​ពិភពលោក​ជាមួយនឹង​អនាគត​រួមគ្នា​ក្នុង​យុគសម័យ​ថ្មី​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សមយុទ្ធ​នាគ​មាស​ថា​៖ “​សមយុទ្ធ​នេះ​នឹង​ជួយ​កសាង​សហគមន៍​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​រឹងមាំ​ជាមួយនឹង​អនាគត​រួមគ្នា​និង​សម្រេច​បា​លទ្ធផល​ថ្មីៗ​បន្ថែមទៀត​”​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា «​សមយុទ្ធ​នេះ​នឹង​បង្កើន​ភាពស្និទ្ធស្នាល​រវាង​កងទ័ព​និង​ប្រជាជន​តាមរយៈ​ការស្វែងយល់​ពី​វប្បធម៌​គ្នា​ទៅវិញទៅមក ដែល​នឹង​ឈានទៅ​មុខ​ដ៏​វែងឆ្ងាយ​ឆ្ពោះទៅរក​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ​»​។ ក្នុង​សមយុទ្ធ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​បាន​ស្នើឱ្យ​ទាហាន​កម្ពុជា​យកចិត្តទុកដាក់​ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការប្រកប​ដោយ​ជោគជ័យ ស្របតាម​ប្រធានបទ និង​ខ្លឹមសារ​នៃ​សមយុទ្ធ​។ លោក​បានចង្អុលបង្ហាញ​ថា យោធា​ត្រូវការ​ពង្រឹងស្មារតី​ក្រុម​ដែលជា​មូលដ្ឋាន​ចាំបាច់​បំផុត​សម្រាប់​បង្កើត​ភាពជោគជ័យ​និង​ជ័យជំនះ​នៃ​បេសកកម្ម​នីមួយៗ​។

​សម្រាប់​សមយុទ្ធ​យោធា​រួមគ្នា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈិន មីនធាន​(Mintian)នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូងនៃ​កងទ័ព​រំដោះ​ប្រជាជនចិន​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ចិន​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ហើយ​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​សមយុទ្ធ​យោធា​រួមគ្នា​នេះ​អាចជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​លើកកម្ពស់​យន្ត​ការ​ពហុភាគី​ក្នុង​តំបន់​។​លោក​ឧ​ត្ត​ម​សេនីយ​ទោ​មីនធាន​បាន​និយាយទៀតថា​”​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​យោធា​នៃ​ប្រទេស​ទាំងពីរ​បាន​កសាង​ទំនុកចិត្ត និង​ការយោគយល់​គ្នា​អំពី​វប្បធម៌​របស់​គ្នា​ទៅវិញទៅមក​”​។​

​សមយុទ្ធ​យោធា​រួមគ្នា​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៃ​ការទូត ហើយ​មានតម្លៃ​ជា​យុទ្ធសាស្ត្រ​ខ្ពស់បំផុត​ក្នុង​ការរក្សាសន្តិសុខ និង​ស្ថិរភាព​នៃ​តំបន់​ជុំវិញ​។​ស្រប​ពេលដែល​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ កម្ពុជា​-​ចិន យោធា​អាមេរិក និង​កូរ៉េខាងត្បូង ក៏បាន​ធ្វើ “​សមយុទ្ធ 2023 Ssangyong” ចាប់ពី​ថ្ងៃទី​២០ ខែមីនា ដល់​ថ្ងៃទី ៣ ខែមេសា​។ ភាគច្រើន​ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ​កង​ម៉ា​រី​ន​នៃ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង និង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​។ គួរ​ជម្រាប​ថា ទំហំ​សមយុទ្ធ​នេះ មិន​ត្រឹមតែ​ធំជាងគេ​ទេ ក្នុង​រយៈពេល​៥​ឆ្នាំ យោធា​អង់គ្លេស​ក៏​នឹងចូលរួម​ក្នុង​សមយុទ្ធ​យោធា រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ជា​លើកដំបូង​ក្នុងឆ្នាំនេះ​ផងដែរ​។​

សមយុទ្ធយោធារួមគ្នានិងការផ្លាស់ប្តូរយោធារវាងកម្ពុជានិងចិនគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការ​​ស​ន្តិ​សុខ​រួម​លើ​​មូ​លដ្ឋាន​សន្តិសុខ​ពិភពលោក និង​ទន្ទឹមនឹងនោះ​ការពង្រឹង​ការផ្លាស់ប្តូរ​វិស័យ​ការពារជាតិ​។ តែ​សហរដ្ឋអាមេរិក​ប្រើ​សមយុទ្ធ​យោធា​ដើម្បី​យកឈ្នះ​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​និង​ធ្វើឱ្យប៉ះពាល់​ស្ថិរភាព​តំបន់ ។​សមយុទ្ធ​យោធា «Ssangyong»​ត្រូវបាន​ប្រទេស​ជាច្រើន​រិះគន់​ ចាប់តាំងពី​ការចាប់ផ្តើម​។ កូរ៉េខាងជើង​ក៏បាន​ច្រានចោល​ការលើកឡើង​រប​ស់​អាមេរិក​ដែលថា​សមយុទ្ធ​រួមគ្នា​នេះ​គឺ​ដើម្បី​ការពារ​ធម្មជាតិ​។​

​គួរ​ជម្រាប​ថា​៖​សមយុទ្ធ​នាគ​មាស​លើក​ទី​៥ រវាង​កងទ័ព​កម្ពុជា និង​ចិន បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣​។​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វួ​យ វិ​ន​ហួយ មេបញ្ជាការ​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។​

​សមយុទ្ធ​ធ្វើឡើង​នៅ​ម​ជ្ឃ​មណ្ឌល​ហ្វឹកហ្វឺន​របស់​កងរាជអាវុធហត្ថ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​៕Ph