ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ អំពីការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើស តាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាៈ អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ (ប.ន.ត.រ) គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹង ដល់គ្រប់គណបក្ស នយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ តាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ រួចរាល់ហើយ និងមានបំណង សុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមពាក្យសុំ ទ.១០០៨ និងត្រូវភ្ជាប់ មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្នុងចំណុច ៤.៧.៣ នៃ ប.ន.ត.រ ។
ចំពោះបទប្បញ្ញត្តិ ដូចមានចែងក្នុងចំណុច ៤.៧.៣.១ ចំណុច ៤.៧.៣.៤ ចំណុច ៤.៧.៣.៥ និងចំណុច ៤.៧.៣.១០ គឺតម្រូវឱ្យគណបក្សនយោបាយ អនុវត្តតាមការកំណត់ ដូចខាងក្រោម ៖

១.សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយ នៅក្រសួង មហាផ្ទៃ គណបក្សនយោបាយ ត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ការិយាល័យច្រកចេញចូល តែមួយ)។

២. ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គណបក្សនយោបាយ ត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំង ប្រទេស។ បញ្ជីនេះ ត្រូវមានបេក្ខជនពេញសិទ្ធិ ចំនួនយ៉ាងតិច ១/៣ (មួយភាគបី) នៃចំនួនអាសនៈ ក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹង បេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ ត្រូវបានកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច ៤២ (សែសិបពីរ) រូប នៃចំនួន អាសនៈសរុបក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួន ស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។
បញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌល ត្រូវមានបេក្ខជនគ្រប់ តាមចំនួនអាសនៈ និងតាមគំរូ ដែល គ.ជ.ប ផ្តល់ជូន។ ចំពោះមណ្ឌលបោះឆ្នោត ដែលមានអាសនៈ ១ (មួយ) ឬ ២ (ពីរ) ត្រូវមានបេក្ខជនបម្រុងយ៉ាងតិច ៣ (បី) រូប។

៣.ការបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល គណបក្ស នយោបាយត្រូវធ្វើពាក្យស្នើសុំបង់ប្រាក់តម្កល់មក គ.ជ.ប (ពាក្យស្នើសុំដូចមាន ភ្ជាប់ក្នុងទម្រង់បែបបទលេខ ១០០៨)។ ក្រោយពី គ.ជ.ប បានធ្វើលិខិតទៅ អគ្គនាយកដ្ឋានរតនាគារជាតិ អំពីសំណើសុំអនុញ្ញាតឱ្យគណបក្សនយោបាយ បង់ប្រាក់តម្កល់រួចហើយ គ.ជ.ប នឹងជូនដំណឹងទៅសាមីគណបក្សនយោបាយ ឱ្យអញ្ជើញទៅបង់ប្រាក់តម្កល់ ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល នៅធនាគារជាតិនៃកម្ពុជា (គណនីចរន្តរបស់អគ្គនាយកដ្ឋានរតនាគារជាតិ លេខ 000000001111) ។
បន្ទាប់ពីទទួលបានបណ្ណបង់ប្រាក់តម្កល់ ពីធនាគារជាតិនៃកម្ពុជា សាមីគណបក្ស នយោបាយ ត្រូវយកបណ្ណបង់ប្រាក់តម្កល់នេះ ទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃ បង់ប្រាក់តម្កល់ (លិខិតជូនដំណឹងឥណទានពី អគ្គនាយកដ្ឋានរតនាគារជាតិ)។

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយ នឹងអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ V / N