ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ទី៦មេសានេះបានថ្កោលទោសជំនួបមួយរវាងមេដឹកនាំតៃវ៉ាន់និងប្រធានសភាអាម៉េរិកដោយចាត់ទុកវាជា«អំពើគប់គិតគ្នា»និងបាននិយាយថាចិននឹងការពារអធិបតេយ្យភាពរបស់ខ្លួន នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរផ្លូវការចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា« ចិនប្រឆាំងមុតមាំនិងសូមថ្កោលទោសអំពើនេះ។ក្នុងការឆ្លើយតបនឹងអំពើសមគំនិតខុសឆ្គងធ្ងន់ធ្ងររវាងអាម៉េរិកនិងតៃវ៉ាន់ ចិននឹងចាត់វិធានការដាច់ខាតនិងមានប្រសិទ្ធិភាពដើម្បីធានាអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន»។
ប្រធានសភាអាម៉េរិកលោក ខេវិន ម៉ាក់ខាធី បានទទួលជួបមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សាយ អ៊ីងវិន នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធ ដោយធ្វើអោយលោកក្លាយជាឥស្សរជនអាម៉េរិកជាន់ខ្ពស់បំផុតដែលជួបមេដឹកនាំតៃវ៉ាន់នៅលើទឹកដីអាម៉េរិកនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ហើយលោកបានបញ្ជាក់ពីការពន្លឿនការដឹកជញ្ជូននិងប្រគល់សព្វាវុធដល់តៃវ៉ាន់ក្នុងពេលប្រឈមការគំរាមពីចិនកាន់តែខ្លាំងឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃសភាប្រជាជនចិននៅថ្ងៃព្រហស្បតិ៍ បាននិយាយថា «អំពើរបស់ម៉ាក់ខាធីបានរំលោភបំពានការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះចិនអំពីបញ្ហាតៃវ៉ាន់»។
សូមបញ្ជាក់ថា ចិនចាត់ទុកកោះប្រជាធិបតេយ្យនេះជាផ្នែកមួយនៃទឹកដីខ្លួន តែរដ្ឋាភិបាលទីក្រុងតៃប៉ិះប្រឆាំងជំទាស់។
ក្នុងពេលជាមួយគ្នា អាជ្ញាធរសមុទ្រនៅក្នុងខេត្តហ្វ៊ូជៀន(Fujian)របស់ចិនបានចាប់ផ្តើមប្រតិបត្តិកាតរល្បាតនិងត្រួតពិនិត្យបីថ្ងៃនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលរួមមានការឡើងត្រួតពិនិត្យនាវាផង។តៃវ៉ាន់បានប្រឆាំងនឹងចំណាត់ការរបស់ចិននេះ៕
ក្នុងជំនួបជាមួយប្រធានសភាអាម៉េរិក លោកស្រីសាយ បានអរគុណសភាអាម៉េរិកដែលគាំទ្រតៃវ៉ាន់
អ្នកគាំទ្រនិងប្រឆាំងប្រធានាធិបតីតៃវ៉ាន់ប្រឈមមុខគ្នានៅក្រៅសណ្ឋាគារ កន្លែងដែលលោកស្រីសាយស្នាក់នៅក្នុងទីក្រុងឡូសអ៊ែនជើឡេស