ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សត្វត្រយងយក្ស ឬប្រជាសហគមន៍ ហៅថា ឪលើក ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក កំពុងស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។

បើយោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាៈ សត្វត្រយងយក្ស មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង និងមួយចំនួន នៅខេត្តកោះកុង ច្រើនរស់នៅ តំបន់ដាច់ស្រយាល តាមតំបន់ព្រៃល្បោះ តំបន់សើមក្នុងព្រៃល្បោះ និងតំបន់ដីសើម។

សត្វប្រភេទនេះ វាមានមាឌធំជាងត្រយងផ្សេងទៀត ក្នុងអម្បូររបស់វា សម្បុរប្រផេះក្រម៉ៅ ជើងវែងក្រហម ក្បាល និង ក ផ្នែកខាងលើ មិនមានរោម និងមានពណ៌ប្រផេះ ហើយមានឆ្នូតអង្កន់ៗខ្មៅ និងចំពុះរាងវែងកោង ចុះក្រោម វាស៊ីកង្កែប អន្ទង់ ពស់ ខ្យង ក្តាម។

ត្រយងជាសត្វស្លាប តំណាងព្រះរាជាណាចក្រ កម្ពុជា និងមានចំនួនតិចតួចបំផុត លើពិភពលោក៕ V / N