ដោយ: ពៅនិមល / ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Matthew Busch ប្រធានផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ និងទ្វេភាគី ក្នុងគោលបំណងពិភាក្សានិងទទួលការគាំទ្រ អំពីកម្មវិធីពាណិជ្ជកម្មក្នុងតំបន់ដើម្បីការអភិវឌ្ឍ (Regional Trade for Development – RT4D) ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងគាំទ្រ ដល់ការអនុវត្តរបស់អាស៊ានលើកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានអូស្ត្រាលីនូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP)

ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថាៈ ជាមួយគ្នានោះដែរ លោកបណ្ឌិត Matthew Busch ក៏មានគោលបំណង ក្នុងការស្នើសុំអនុសាសន៍ណែនាំបន្ថែមពីលោករដ្ឋលេខាធិការសម្រាប់ការសម្របសម្រួល កិច្ចការបន្តជាមួយនឹងមន្ត្រីពាក់ព័ន្ធ ឱ្យកាន់តែមានភាពរលូន។

ក្នុងជំនួបនាឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងអូស្ត្រាលី ក្នុងក្របខ័ណ្ឌអាស៊ាននិងការគាំទ្រ ពីភាគីអូស្ត្រាលី ដែលបានជួយឱ្យកម្ពុជា បានសម្រេចជោគជ័យ ក្នុងប្រកាសអំពីការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀម AANZFTA ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលកិច្ចការនេះ គឺជួយឱ្យអាស៊ាននិងប្រការតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងពេលថ្មីៗនេះ។ ប្រការនេះ បានជួយឱ្យការនាំចេញរបស់អាស៊ាន ទៅកាន់ទីផ្សារដៃគូ គឺមានកំណើនមានប្រមាណជា ២៣%

លោកបណ្ឌិត Mattew Busch រួមជាមួយនឹងសហការី បានសម្តែងមោទនភាព ចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់កម្ពុជា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលអាស៊ាន ទៅក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ។

លោកបានបន្តថាៈ គម្រោង RT4D ដែលជាកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ច របស់អូស្រ្តាលី គ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណ៤៦ លានដុល្លារអូស្ត្រាលី ដើម្បីជួយគាំទ្រប្រទេសជាសមាជិកអាស៊ាន ក្នុងការទទួលសារៈប្រយោជន៍ ពីកិច្ចព្រមព្រៀងទាំងពីរនេះជាអតិបរមា ជាពិសេសប្រទេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច។

លោក សុខ សុភ័ក្រ្ត បានអរគុណចំពោះបទបង្ហាញរបស់លោក Mattew Busch ព្រមទាំងបានផ្តល់ជា អនុសាសន៍មួយចំនួនដល់គម្រោង RT4D ដែលគួរផ្តោតទៅលើ រួមមាន វិស័យឧស្សាហ៍កម្ម ខ្សែច្រវាក់តម្លៃក្នុងតំបន់ បញ្ហាសន្តិសុខស្បៀងអាហារ បញ្ហាសន្តិសុខ ថាមពល ការប្រកួតប្រជែង ជាដើម។

ជាមួយគ្នានោះដែរ លោកបានជម្រាបជូនជាបឋមផងដែរ អំពីតម្រូវការរបស់កម្ពុជាក្នុងការពង្រឹង និងកសាងសមត្ថភាព របស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអាទិភាពសំខាន់ៗដូចជា៖ ពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ការវិនិយោគ កម្មសិទ្ធបញ្ហា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាអាទិ៍ ដើម្បីអនុញ្ញាតឱ្យកម្ពុជាចូលរួមជាមួយនឹងបណ្តាប្រទេសសមាជិកទាំងអស់ ក្នុងការធ្វើអតិបរិមាកម្ម នូវប្រសិទ្ធភាព នៃការអនុវត្តកាតព្វកិច្ចនានា ក្រោមកិច្ចព្រមព្រៀង AANZFTA និងRCEP ជាពិសេសលើកកម្ពស់ ដល់ការប្រើប្រាស់កិច្ចព្រមព្រៀងទាំងពីរ ឱ្យបានកាន់តែច្រើនថែមទៀត សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាឆ្នាំ២០២៣ នេះ។

ក្នុងន័យនេះ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសម្របសម្រួលជិតស្និទ្ធជាមួយនឹងអ្នកសម្របសម្រួលរបស់កម្មវិធី RT4D ប្រចាំនៅកម្ពុជា ដើម្បីសហការ ក្នុងការរៀបចំសំណើ ឬនីតិវិធីចាំបាច់ ដើម្បីទទួលបាននូវការឧបត្ថម្ភគាំទ្រពីកម្មវិធី RT4D នេះ។

ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា RT4D នឹងចូលរួមចំណែក ក្នុងការគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP និងកិច្ច AANZFTA/V-PC