​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​កែលម្អរ សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង ដើម្បី​ទទួល​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ដើម្បី​ត្រៀម​ទទួល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ជាក់ស្ដែង​នៅ​ខណៈ​នេះ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​កាត់​លះ​មែកឈើ នៅតាម​មហា​វិធី​ធំៗ​មួយចំនួន ដើម្បី​ទទួល​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ និង​ទទួល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។​

​លោក ស៊ូ សាវ៉ន ប្រធានការិយាល័យ​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៣​ថា ៖ តាម​ផែន​ការដែល​បានគ្រោង​ទុក រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែកឈើ នៅតាម​មហាវិថី​ធំៗ​មួយចំនួន ពិសេស នៅលើ​មហាវិថី​ដែល​ពាក់ព័ន្ធ​និង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដើម្បី​ចូល​ចូលរួម​ក្នុង​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែ​និង​ដើម្បី​បង្ការ ទប់ស្កាត់ ការបាក់​រលំ​ដើមឈើ​នៅ​រដូវវស្សា​នាពេល​ខាងមុខនេះ​ផងដែរ​។​

​លោក​បន្តថា ចំពោះ​កិច្ចការងារ​នេះ នៅលើ​​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៦A ដល់​ស្ពាន​ព្រែក​ព្នៅ យើង​អនុវត្ត​កិច្ចការងារ​នេះ​បានសម្រេច ១០០​ភាគរយ​ហើយ​។ យើង​បាន​បន្ត​ការ​កាត់ លះ មែកឈើ នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ចាប់ពី​ផ្សារ​ធំថ្មី​ទៅដល់​សាលា​សន្ធ​ម៉ុក បន្ត​ការ​កាត់​លះ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​ស៊ីសុវត្ថិ​ដែលជា​ផ្លូវ​សំខាន់ៗ ដែល​ប្រតិភូ​ត្រូវ​ឆ្លងកាត់ ។ ក្នុងនោះ​មហាវិថី​ព្រះសីហនុ ជុំវិញ​ស្តា​ត​អូឡាំពិក ក៏​ជា​ផ្លូវ​ដែល​យើង​យកចិត្តទុកដាក់ ក្នុងការ​កាត់​លះ មែក​ឈឺ​ទាំងនេះ​ផងដែរ​។ បន្ថែម​ពីនេះ​កំណាត់​ផ្លូវ​ម៉ៅ​សេទុង ផ្លូវ​លេខ ៥១ ,៦១ និង​កំណត់​ផ្លូវ​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​ក៏​ជា​ផ្លូវ ដែល អាជ្ញាធ​រាជធានី​ភ្នំពេញ​ម​យកចិត្តទុកដាក់ លើ​ការ​កាត់​លះ​មែកឈើ​ទាំងនេះ​ផងដែរ ដើម្បី​បង្ការ​ទប់ស្កាត់ ការបាក់ រលំ​ដើមឈើ បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​នា​រដូវវស្សា​នេះ​៕/R​