​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រសួង​យោធា​តៃវ៉ាន់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​របស់​ចិន​មួយ និង​នាវាចម្បាំង​បី​គ្រឿង​ត្រូវ​បាន​សង្កេតឃើញ​នៅ​ជុំវិញ​កោះ​​តៃវ៉ាន់ បន្ទាប់​ពី​ប្រធានាធិបតី សាយ អ៊ីង​វិន ជួប​ប្រធាន​សភា​អាម៉េរិក លោក​ខេ​វិន ម៉ាក់​ខា​ធី​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« យន្តហោះ​របស់​កងទ័ព​រំដោះប្រជាជន​មួយ​និង​នា​វាបី​គ្រឿង​របស់​កងទ័ពជើងទឹក​ចិន ត្រូវបាន​ប្រទះឃើញ​នៅ​ជុំវិញ​កោះ​ស្វ័យគ្រប់គ្រង​នេះ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃនេះ​។​កងកម្លាំងប្រដាប់អាវុធ​តៃវ៉ាន់​បាន​តាមដាន​ស្ថានការណ៍​និង ប្រាប់​ទៅ​យន្តហោះ នាវា​និក​ង​ប្រព័ន្ធ​កាំជ្រួច​អោយ​ត្រៀមខ្លួន​ឆ្លើយតប​»​។​

​ចិន​បញ្ជូន​នាវា​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ការឆ្លើយតប​ទៅនឹង​ជំនួប​រវាង​ប្រធានាធិបតី​តៃវ៉ាន់​និង​ប្រធានសភា​អាម៉េរិក​

​យោធា​តៃវ៉ាន់​បាន​សង្កេត​ឃើញ​នាវា​ដឹក​យន្តហោះ​ចិន​ឈ្មោះ​សាន់​ទុង​(Shandong)​តាំងពី​ថ្ងៃ​ពុធ និង​ឥឡូវ​នៅ​ចម្ងាយ​ប្រមាណ​៤៨០​គីឡូម៉ែត្រ​នៅ​ឯនាយ​ឆ្នេរ​កោះ​តៃវ៉ាន់​។​

​មន្ត្រី​យោធា​តៃវ៉ាន់ បាន​និយាយថា វា​ជា​ការហ្វឹកហាត់​តែ​ធ្វើ​ឡើង​ចំ​ពេល​រសើប​បំផុត​ហើយ​«​យើង​កំពុង​សិក្សា​ថា​តើ​វា​វិវត្ត​ទៅ​របៀប​ណា​។​នាវា​នេះ​នៅ​ចុង​ខាងត្បូង​តៃវ៉ាន់ ហើយ​នាវាចម្បាំង​តៃវ៉ាន់​ជាច្រើន​​កំពុង​តាមដាន​។​នាវា​ដឹក​យន្តហោះ​អាម៉េរិក​ក៏​កំពុង​នៅ​ចម្ងាយ​៦៤០​គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​»​។​

​វត្តមាន​នាវា​ចិន​នៅក្បែរកោះ​តៃវ៉ាន់​កើតឡើង​ក្រោយមេ​ដឹកនាំ​តៃវ៉ាន់​នៅតែ​ចចេស​ស្កាត់​ជួប​ប្រធានសភា​អាម៉េរិក​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា ដោយ​មិន​ស្តាប់​ការព្រមាន​របស់​ចិន​។​

​ចិន​បាន​គំរាម​ឆ្លើយតប​ដាច់ខាត​ចំពោះ​ជំនួប​នេះ ដោយ​អាជ្ញាធរ​សមុទ្រ​ចិន​មុននេះ​បាន​និយាយថា ខ្លួន​នឹង​បង្កើន​ការ​ល្បាត​នៅក្នុង​ដែនទឹក​ដែល​ខណ្ឌ​ចែក​ចិនដីគោក​និង​តៃវ៉ាន់​។​ការ​ល្បាត​និង​​ត្រួតពិនិត្យ​បី​ថ្ងៃ ដោយ​រួមទាំង​ការឡើង​ត្រួតពិនិត្យ​នាវា​ដឹក​ទំនិញ​និង​សំណង់​នៅតាម​ផ្លូវ​ទឹក​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា ទោះជា​តៃវ៉ាន់​បាន​គ្រប់គ្រង​កោះ​នេះ​ដោយ​ឯករាជ្យ​អស់​ជាង​៧០​ឆ្នាំ ក៏​ចិន​នៅតែ​គិតថា​វា​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន​ដែល​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក​វិញ​។​

​កាល​ពី​អតីត​ប្រធានសភា​អាម៉េរិក​ជួប​លោក​ស្រី​សាយ​កាលពី​ខែ​សីហា​ឆ្នាំមុន ចិន​បាន​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​និង​ជើង​ទឹក​ដ៏​ធំ​ព័ទ្ធជុំវិញ​កោះ​នេះ​៕