​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ រដ្ឋាភិបាល​វៀតណាម​បាន​និយាយថា ខ្លួន​នឹង​ស៊ើបអង្កេត​ប្រតិបត្តិការ​របស់ TikTok នៅក្នុង​ប្រទេស​ចាប់ពី​ខែ​ឧសភា​ដើម្បី​ធានា​ថា​វេទិកា​វីដេអូ​នេះ​អនុ​​លោម​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​ការគ្រប់គ្រង​មាតិកា ការបង់ពន្ធ និង​គោលនយោបាយ​ពាណិជ្ជកម្ម​។​

​តំណាង​ក្រសួង​ទូរគមនាគមន៍​លោក ឡេ ក្វា​ង ទូ សូ (Le Quang Tu Do) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្នុង​សប្តាហ៍​នេះ​ថា កម្មវិធី​វីដេអូ​ខ្លីៗ​របស់​ចិន​នា​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឱ្យមាន​ខ្លឹមសារ “​បំពុល ប្រមាថ មិន​ពិត និង​អបិយ​ជំនឿ​” នៅ​លើ​វេទិកា​របស់ខ្លួន​។​

​លោក​សូ​បាន​និយាយថា “TikTok, Facebook និង YouTube សុទ្ធតែ​ជា​ប្រព័ន្ធ​បណ្តាញ​សង្គម​ឆ្លងដែន​ជាមួយនឹង​ស្តង់ដារ​អន្តរជាតិ​។ ប៉ុន្តែ​នៅពេលដែល​ដំណើរការ​នៅក្នុង​ប្រទេស​វៀតណាម វេទិកា​ទាំងនេះ​ត្រូវតែ​គោរព​តាម​បទ​ប្បញ្ញត្តិ​ក្នុងស្រុក ទាំង​ខ្លឹមសារ​និង​កាតព្វកិច្ច​ពន្ធ​”​។​

​ក្រុមហ៊ុន​បាន​និយាយ​កាលពី​ខែ​កុម្ភៈ​ថា ក្រុមហ៊ុន​ត្រូវបាន​ជូនដំណឹង​ដោយ​អាជ្ញាធរ​ផ្សព្វផ្សាយ​និង​ព័ត៌មាន​អេឡិចត្រូនិក​ថា គណៈប្រតិភូ​រដ្ឋាភិបាល​នឹង​ចុះទៅ​ពិនិត្យ​ការិយាល័យ​របស់ TikTok នៅ​វៀតណាម​ក្នុង​ត្រីមាស​ទី​ពីរ​។​

TikTok Vietnam បាន​និយាយ​នៅក្នុង​អ៊ីមែល​ថា “​នេះ​គឺជា​សកម្មភាព​អធិការកិច្ច​អន្តរ​កម្ម​ដែល​គ្រោង​ធ្វើ​ដោយ​រដ្ឋាភិបាល និង​ស្របតាម​ច្បាប់​របស់​វៀត​ណា​ម​សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​វៀតណាម មិន​គ្រាន់តែ TikTok ប៉ុណ្ណោះ​ទេ​”​។​

​វេទិកា​នេះ​បាន​ដកចេញ​វីដេអូ​ចំនួន ១,៧ លាន​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​មុន ដោយសារ​ពួក​វា​ត្រូវបាន​ចាត់ទុក​ថា​រំលោភ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ TikTok Vietnam ក៏​បាន​និយាយ​ផងដែរ​ថា ខ្លួន​បាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គោលការណ៍​ណែនាំ​របស់​ខ្លួន​ដែល​រំពឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ២៤ ខែ​មេសា​ដើម្បី​ឱ្យ​កាន់តែ​មាន​តម្លាភាព​អំពី​ច្បាប់​របស់​ខ្លួន​និង​របៀប​ដែល​ខ្លួន​នឹង​អនុវត្ត​គោលការណ៍​ទាំងនោះ​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ដោយ​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ DataReportal ថា​កម្មវិធី​នេះ​មាន​អ្នកប្រើប្រាស់​ជិត ៥០ លាន​នាក់​នៅក្នុង​ប្រទេស​វៀតណាម​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ​៕

TikTok បាន​ដកចេញ​វីដេអូ​ចំនួន ១,៧ លាន​តាម​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​មុន