ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូល ផ្តុំសម្តែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែង លោក ខឿន វីរ៉ាត់ ប្រធាន ចលនាយុវជនគណបក្សភ្លើងទៀន និងសកម្មជននយោបាយផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានប្រជាធិបតេយ្យ នោះទេ។ នេះបើយោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូន លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ការមិនអនុញ្ញាតដោយមូលហេតុ ដូចខាងក្រោម ៖ ១-ការសម្តែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជន គណបក្សភ្លើងទៀន និងសកម្មជននយោបាយផ្សេងៗ ទៀតនេះ ផ្ទុយនឹងមាត្រា៥២២ និង មាត្រា៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយករណីនេះ កំពុងស្ថិតក្នុង ដំណើរការនីតិវិធីរបស់ តុលាការនៅឡើយ។

២-រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឱ្យគណបក្សភ្លើងទៀន ធ្វើការសម្តែងមតិ ឱ្យស្របតាមច្បាប់នានា និងរៀបចំលិខិតឱ្យបានត្រឹមត្រូវ ស្របតាមបែបបទ រដ្ឋបាល។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានធ្វើលិខិតជូនលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិដើម្បីទាមទារឱ្យតុលាការដោះលែងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជន គណបក្សភ្លើងទៀន និងសកម្មជននយោបាយ ផ្សេងៗទៀត។

គួររម្លឹកថា លោក ខឿន វីរ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទក្លែងបន្លំ និងប្រើប្រាស់ លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ៕/V/R