ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីកំសាន្តសប្បាយ ឬសង្ក្រាន្ត ក្នុងឱកាសវិស្សកាលតូច និងអបអរបុណ្យចូលឆ្នាំថោះ។ ក្នុងនោះ មានការនិមន្តព្រះសង្ឃ សូត្រមន្ត ជយន្តោ ប្រោសព្រំបណ្តេញសៅម្មង ឧបទ្រពចង្រៃ និងបង្កក់ប្រសិទ្ធី សិរីសួស្តីដល់អង្គភាព ក៏ដូចជាគណ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស សមាគមទ្រទ្រង់សាលា និងអាណាព្យាបាល សិស្ស ព្រមទាំងមានការសម្តែងរបាំត្រុត (តូច) របាំជូនពរ របាំកែន …។
ប្រភពព័ត៎មានពីគ្រឺះស្ថានសិក្សានានា បានឱ្យដឹងថាៈ ពិធីកំសាន្តសប្បាយ និងសង្ក្រាន្តនោះ បានធ្វើឡើងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ជាពេលដែលអាកាសធាតុ ឡើងក្តៅ (បម្រែបម្រួលអាកាសធាតុ) ផងដែរ ។
ក្នុងព្រឹត្តិការណ៍នោះ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងក្រុមការងារសិស្ស ក៏ដូចជាអ្នកពាក់ព័ន្ធ បានដឹកនាំការតាំងលម្អ ឱ្យសិស្សបានទស្សនារបាំប្រពៃណី និងលេងកំសាន្តនូវល្បែងប្រជាប្រិយ៍ ដូចជាចោលឈូង បោះអង្គុញ ចាប់កូនខ្លែង ពាំស៊ុត រត់បាវ រាំដណ្តើមកៅអី វាយក្អម កញ្ញាធ្លាក់ទឹក ប្រឡងចម្រៀង រាំកំសាន្តតាមចង្វាក់ប្រពៃពៃណីជាតិ ។ល។
លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ នៅគ្រឺះស្ថាននេះ ប្រារព្ធពិធីសាសនា ការសម្តែងរបាំគែន នៃសិស្សវិទ្យាល័យផ្ទាល់ សហការនឹងព្រះវិហារប្រូតេស្តង់ បន្ទាយមានជ័យ។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមរបស់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ផងដែរ ។
លោកបានបន្តថាៈ ឱកាសនោះ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បានដឹកនាំ ណែនាំឱ្យសិស្សស្រឡាញ់ លើកកម្ពស់ និងថែរក្សាទំនៀមទម្លាប់ របាំចម្រៀង ប្រពៃណី វប្បធម៌ជាតិ។ លោកបានបន្តថាៈ បន្ថែមលើនោះ សាលារៀន ក៏បានណែនាំឱ្យសិស្សានុសិស្ស ថែរក្សាអនាម័យ សុខភាព បង្ការប្រយ័ត្ន គ្រោះថ្នាក់ និងត្រូវរៀនសូត្រ ឆ្លើយសំណួរ ធ្វើលំហាត់ខ្លួនឯងនៅតាមផ្ទះ។
ពោលគឺ ត្រូវបន្តរៀនសូត្រជាប្រចាំ មិនមែនពេលវិស្សមកាល ឬបានឈប់សម្រាក ក៏ឈប់រៀនសូត្រ បោះបង់សៀវភៅសិក្សារនោះឡើយ ។
រីឯគណ:គ្រប់គ្រង និងបុគ្គលិកសិក្សា នៅស្រុក ក្រុង ៨ ទៀត នៃឃុំ សង្កាត់ ទាំង ៦៥ ក្នុងខេត្ត ក៏បានបង្ហាញពីការបង្កលក្ខណៈងាយស្រួល និងប្រាពរពុធពិធី ដូចខាងលើផងដែរ ៕ V / N