ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ នាពេលនេះ កម្ពុជាបាន ប្រមូលសំណាកកេសរកូល ចំនួន ២១០ ប្រភេទ ដែលស្មើនឹងប្រមាណ ៥. ០០០ សំណាក ហើយបានបញ្ជូនសំណាក ចំនួន ២៣ ប្រភេទ ទៅសារមន្ទីរ ប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងចុះបញ្ជីប្រភេទ កេសរកូល ជាលក្ខណៈអន្តរជាតិ។

ប្រភពខាងលើ ដែលបានចុះផ្សព្វផ្សាយ ក្នុងទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន ដដែលនេះ បានឱ្យដឹងដែរថាៈ ក្រៅពីនេះទៀត កម្ពុជាក៏បានប្រមូលសំណាក កេសរកូលថ្មី ប្រមាណ ៥០ ទៀត ត្រូវបានរៀបចំរួចរាល់ មុននឹងត្រូវកំណត់ អត្តសញ្ញាណ នៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន បានប៉ានស្មានថា កម្ពុជា អាចមានរុក្ខជាតិកេសរកូល ចន្លោះពី ៥០០ ទៅ ១ ០០០ ប្រភេទឯណោះ។

ក្រសួងបរិស្ថាន ក៏ដូចជាអ្នកជំនាញ បាននិងកំពុងពង្រឹងការអភិរក្ស បន្ថែមទៀត។ ក្រសួងបរិស្ថាន ក៏បានចេញជាសកម្មភាពពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីបញ្រ្ចាប ការយល់ដឹង របស់ ប្រជាជន លើការចូលរួមការពារ និងអភិរក្ស ពូជកេសរកូល។

កម្ពុជា បានរៀបចំវេទិកាកេសរកូលជាតិ ជាបន្តបន្ទាប់ដោយ ក្នុងនេះលើកទី១ កាលពីឆ្នាំ២០២០ លើកទី២ នៅឆ្នាំ២០២២ ដែលកាលណោះមានអ្នកចូលរួម ជាង ២ ៥០០ នាក់។ ក្រៅពីនោះ ក៏មានការបង្កើតបណ្ដាញ អ្នកស្រឡាញ់ កេសរកូល និងជីវៈចម្រុះកម្ពុជា ដែលមានអ្នក ចូលរួមជិត ៦០០នាក់។

ក្រសួងបរិស្ថាន ក៏បានរៀបចំ និងបោះពុម្ពសៀវភៅ មគ្គទេសក៍ស្ដីពីកេសរកូលព្រៃ នៅកម្ពុជា សៀវភៅមគ្គទេសក៍ ស្ដីពីគ្រឿងទេស និង សៀវភៅមគ្គទេសក៍ ស្ដីពីបន្លែ ។ល។ ហើយរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអានភ្នំគូលែន បានទទួលការចូលរួមទស្សនា និងស្វែងយល់ពីអង្គទូត អ្នកជំនាញ សិក្ខាកាម សាលាភូមិន្ទរដ្ឋបាលចំនួន ៨០លើក ដែលមានអ្នកចូលរួមសរុបប្រមាណ ៣ ០០០នាក់។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដែរ វេទិកាជាតិកេសរកូលជាតិ លើកទី៣ នឹងប្រព្រឹត្តទៅ នៅផ្សារទំនើបអីុអន ម៉លភ្នំពេញ៕ V / N