ដោយ:បូកគោ/កំពតៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនបានបញ្ជាក់ថាកម្ពុជាជាប្រទេសដំបូង និងជាប់ចំណាត់ថ្នាក់លេខ១ដោយបានបោសសម្អាតមីនរួចរាល់លើទំហំផ្ទៃដីទ្រង់ទ្រាយធំជាងគេ សម្រាប់បេសកកម្មមមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ថ្លែងក្នុងពិធីអបអរសាទរការប្រកាសខេត្តកំពតអស់មីនកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទខេត្តកំពត លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា សកម្មភាពមីនមនុស្សធម៌រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរមីនមិនត្រឹមតែបានបំពេញភារកិច្ចការពារសន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជារួមចំណែកក្នុងកិច្ចអភិវឌ្ឍកម្ពុជាតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពលើទំហំដីចម្ការមីនបោសសម្អាតរួច២.៥៩៩គីឡូម៉ែត្រក្រឡា។ ក្នុងនោះផ្ទៃដីប្រមាណ៧៦ភាគរយសម្រាប់វិស័យកសិកម្ម។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ប៉ុន្តែជាប្រទេសដំបូងគេដោយបានបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ជាមួយនេះ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដីបានបោសសម្អាតមីនរួចរាល់ធំជាងគេផងដែរ។

ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា តាមលទ្ធផលនៃការបោសម្អាតគ្រាប់មីនរបស់អង្គភាពស៊ីម៉ាក់បានបង្ហាញថា សកម្មភាពមីននៅកម្ពុជាអាចជួយសង្គ្រោះមនុស្សជាង៤លាននាក់មិនឱ្យស្លាប់ ឬរបួសពិការ។ ដូច្នេះពលរដ្ឋគ្រប់រូបត្រូវអរគុណ ដឹងគុណដល់ស៊ីម៉ាក់ ពិសេសដឹងគុណសម្តេចតេជោដែលបានគិតគូរក្នុងការបង្កើតអង្គភាពស៊ីម៉ាក់នេះឡើង។

តាមរបាយការណ៍របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានបញ្ជាក់ថា ខេត្តកំពតជាខេត្តទី១២នៃព្រះរាជណាចក្រកម្ពុជាដែលត្រូវបានប្រកាសជាខេត្តអស់មីន។ អង្គភាពស៊ីម៉ាក់បានចាប់ផ្តើម ប្រតិបត្តិការដើម្បីបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សក្នុងខេត្តកំពតកាលពីខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែវិច្ឆិកា។ លោកអគ្គនាយកមជ្ឈុំណ្ឌលបានបន្តថា អង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សចំនួន១០១ចម្ការលើផ្ទៃដីទំហំ១១.៤៩០.៥៨២ម៉ែត្រក្រឡា(១១លាន)ដោយរកឃើញ និងកម្ទេចចោល៦១៩គ្រាប់ ព្រមទាំងគ្រាប់មិនទាន់ផ្ទុះចំនួន៨១៤គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះគឺបានរំដោះផ្ទៃដីក្នុងខេត្តកំពតពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០ភាគរយ។ ដូចនេះខេត្តកំពតជាខេត្តគ្មានកំណត់ត្រា ថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ហើយបានក្លាយជាខេត្តអស់មីន៕សរន / N