ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៦មេសា បន្ទាប់ពីបានប្តេជ្ញាសងសឹកចំពោះការបាញ់ស្រោចគ្រាប់រ៉ុក្កែតឆ្លងព្រំដែនចេញពីប្រទេសលីបង់ ដែលខ្លួនស្តីបន្ទោសទៅលើក្រុមបក្ខពួកប៉ាឡេស្ទីនជាច្រើនក្រុម។
ភាពតានតឹងបានកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងអំឡុងបុណ្យផាស់អូវើ (Passover) របស់ជនជាតិជ្វីហ្វ និងខែពិសិដ្ឋនៃបុណ្យរ៉ាម៉ាដនរបស់មូស្លីម ជាហេតុជំរុញឱ្យមានការថ្កោលទោសនិងការអំពាវនាវឱ្យមានការអត់ធ្មត់ពីបរទេស។
ការផ្ទុះឡើងនៃអំពើហិង្សាចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីប៉ូលិសអ៊ីស្រាអែលបានប៉ះទង្គិចគ្នាកាលពីថ្ងៃពុធជាមួយជនជាតិប៉ាឡេស្ទីននៅខាងក្នុងវិហារអ៊ីស្លាម Al-Aqsa នៃក្រុងហ្ស៊េរុយសាឡិម ជាកន្លែងទីសក្ការៈស័ក្តិសិទ្ធបំផុតទីបីរបស់សាសនាអ៊ីស្លាម។
កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីស្រាអែលបាននិយាយថា រ៉ុក្កែតចំនួន៣៤គ្រាប់ត្រូវបានបាញ់ចេញពីទឹកដីលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងភាពតានតឹងដ៏ធំបំផុតនៅតាមបណ្តោយព្រំដែនចាប់តាំងពីអ៊ីស្រាអែលនិងក្រុមហេសប៊ូឡាបានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេល៣៤ថ្ងៃក្នុងឆ្នាំ ២០០៦។
នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)បានប្តេជ្ញាថា សត្រូវរបស់អ៊ីស្រាអែលនឹង “ត្រូវបង់នូវតម្លៃសម្រាប់រាល់ទង្វើឈ្លានពានទាំងឡាយ”។
បន្តិចក្រោយមក អ្នកកាសែត AFP បានឮសំឡេងផ្ទុះនៅតំបន់ហ្គាហ្សាស្ទ្រីប។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារផ្លូវរូងក្រោមដីចំនួនពីរ និង “កន្លែងផលិតអាវុធចំនួនពីរ” ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស់”ជាការឆ្លើយតបទៅនឹងការរំលោភសន្តិសុខរបស់ពួកហាម៉ាសក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ”។
ការវាយឆ្មក់នេះត្រូវបានបន្តតាមពីក្រោយដោយកាំជ្រួចជាច្រើនគ្រាប់ដែលបាញ់ចេញពីតំបន់ហ្គាហ្សាឆ្ពោះទៅកាន់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែល “ទទួលខុសត្រូវចំពោះការឈ្លានពាននេះនិងផលវិបាករបស់វា” ហើយបានអំពាវនាវឱ្យក្រុមប៉ាឡេស្ទីនទាំងអស់រួបរួមគ្នាប្រឆាំងនឹង “ការកាន់កាប់”។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួន ២៥ គ្រាប់ដែលបានបាញ់ចេញ និង ៥ គ្រាប់ទៀតបានធ្លាក់ក្នុងទឹកដីអ៊ីស្រាអែល។
អ្នកនាំពាក្យកងទ័ពលោកវរសេនីយ៍ឯក រីឆាត ហេច (Richard Hecht) បានស្តីបន្ទោសក្រុមប៉ាឡេស្ទីនចំពោះការវាយប្រហារនេះ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងដឹងច្បាស់ថាវាជាការបាញ់របស់ប៉ាឡេស្ទីន។ វាអាចជាក្រុមហាម៉ាស់ វាអាចជាក្រុមជីហាតអ៊ីស្លាម យើងនៅតែព្យាយាមកំណត់ឱ្យដឹង ប៉ុន្តែវាមិនមែនជាក្រុមហេសប៊ូឡាទេ”។
លោកបានបន្ថែមថា “យើងសន្មត់ថា ហេសប៊ូឡាបានដឹងអំពីវា ហើយលីបង់ក៏មានទំនួលខុសត្រូវខ្លះដែរ។ យើងក៏កំពុងស៊ើបអង្កេតថាតើអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធឬក៏អត់នោះដែរ”៕
ផ្សែងហុយចេញពីតំបន់ហ្គាហ្សា ក្រោយអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស