ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ កាលពីថ្ងៃពុធទី៥មេសា លោកម៉ាក្រុងបានមកដល់ទីក្រុងប៉េកាំងសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។
ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា គ្មានប្រទេសណាមួយ “ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ” អាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើដែនដីបរទេសបាននោះឡើយ។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិកមានក្បាលគ្រាប់នុយក្លេអ៊ែរកល់យុទ្ធប៉ាន់ស្មានចំនួន ១០០ ទុកនៅក្នុងទ្វីបអឺរ៉ុបនិងហួសពីទ្វីបនេះ។ រំសេវ ដែលមានសមត្ថភាពពី ០,៣ ទៅ ៥០គីឡូតោនសម្រាប់គ្រាប់បែកបរមាណូ B61-3 និង B61-4 របស់អាម៉េរិកត្រូវបានរក្សាទុកនៅមូលដ្ឋានចំនួនប្រាំមួយក្នុងប្រទេសចំនួនប្រាំរបស់អង្គការណាតូ រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីចិនស៊ី ជីនពីងក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ លោកម៉ាក្រុងបានកត់សម្គាល់ថា ចិននិងបារាំងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាមហាអំណាចនុយក្លេអ៊ែរ គួរតែធ្វើការរួមគ្នាដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ។
ប្រធានាធិបតីបារាំងបានចង្អុលបង្ហាញថា “បារាំងជឿថាអាវុធនុយក្លេអ៊ែរគួរតែត្រូវបានដកចេញទាំងស្រុងពីជម្លោះនៅអ៊ុយក្រែន។ គ្មានករណីណាអាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្រៅទឹកដីនៃមហាអំណាចនុយក្លេអ៊ែរនោះឡើយ ជាពិសេសនៅទ្វីបអឺរ៉ុប”។
លោកក៏បានអះអាងដែរថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រុស្ស៊ីក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូសគឺ “ហួសខ្សែបន្ទាត់”ជាមួយនឹងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។
លោកម៉ាក្រុងបានសង្កត់ធ្ងន់ថា “ចិននិងបារាំង ដោយផ្អែកលើប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់និងការប្រកាន់ខ្ជាប់នូវឯករាជ្យភាពរបស់ពួកគេ គួរតែសហការគ្នាដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាលនេះ”។
ទន្ទឹមនឹងនោះ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា លោកយល់ស្របជាមួយលោកម៉ាក្រុងលើបញ្ហាអាវុធនុយក្លេអ៊ែរ។
លោកលូកាសិនកូបាននិយាយនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សារដ្ឋនៃសហភាពរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំយល់ស្របជាមួយគាត់។ ប្រជាជនអាម៉េរិកគួរតែដកអាវុធនុយក្លេអ៊ែរទាំងអស់ចេញពីប្រទេសចំនួនប្រាំឬប្រាំមួយដែលអាវុធនុយក្លេអ៊ែរស្ថិតនៅ”៕
លោកម៉ាក្រុងនិងលោកស៊ីជួបពិភាក្សាគ្នាក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍