​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន សេ​អ៊ូ​ល​និង​តូ​ក្យូ កាលពី​ថ្ងៃ​សុក្រ​ទី​៧​មេសា​បាន​អំពាវនាវ​អោយ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​បញ្ជូន​ជនជាតិ​កូរ៉េ​ខាង​​ជើង​ដែល​កំពុង​សម្ងំ​ធ្វើការ​នៅ​ក្រៅប្រទេស​ត្រឡប់​ទៅ​ស្រុក​វិញ ដោយសារតែ​ពួកគេ​បន្ត​គេចវេស​ពី​ទណ្ឌកម្ម​អន្តរជាតិ​ដោយ​លួច​បញ្ជូន​លុយ​ទៅ​ចិញ្ចឹម​កម្មវិធី​សព្វាវុធ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​ទីក្រុង​​ព្យុង​យ៉ាង​។​

​តំណាង​ប្រទេស​ជា​សម្ពន្ធមិត្ត​ទាំងបី​ក៏​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា កូរ៉េ​ខាងជើង​ក៏​ពាក់ព័ន្ធ​នឹង​«​សកម្មភាព​អេឡិចត្រូនិច​ខុសច្បាប់​»ដើម្បី​គាំទ្រ​ការពង្រីក​យោធា​របស់​ខ្លួន ។​

​ប្រទេស​មាន​សព្វាវុ​ធ​នុយគ្លេអ៊ែ​រមួយ​នេះ ជា​យូរ​មក​ហើយ​ទទួលបាន​ហិរញ្ញវត្ថុ​ច្រើន​ពី​កងទ័ព​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​បរទេស ភាគច្រើន​នៅ​ប្រទេស​ក្បែរ​ខាង​ចិ​ស​និង​រុស្ស៊ី តែ​ក៏​​មាន​នៅ​អឺរ៉ុប មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​។​

​សូមបញ្ជាក់​ថា ក្រោម​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​មួយ​នៅ​ឆ្នាំ​២០១៧ រដ្ឋ​ជា​សមាជិក​ទាំងអស់​មាន​ពេល​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៩​ដើម្បី​បញ្ជូន​ត្រឡប់​ជនជាតិ​កូរ៉េខាងជើង​ទាំងអស់​ដែល​កំពុង​​ធ្វើការ​នៅក្នុង​ប្រទេស​របស់​គេ​។​តែ​កាលពី​ថ្ងៃ​សុក្រទី៧មេសា ឆ្នាំ២០២៣ តំណាង​ពិសេស​របស់​កូរ៉េខាងត្បូង អាម៉េរិក​និង​ជប៉ុន​សំរាប់​កូរ៉េខាងជើង បាន​និយាយថា កម្មករ​កូរ៉េខាងជើង​នៅ​បរទេស​នៅ​បន្ត​ធ្វើការ​​រក​​លុយ​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដើម្បីបង្កើន​ការ​បង្ករឿង​ដដែល។​

​តំណាង​ប្រទេស​ទាំង​បី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​កម្មករ​កូរ៉េខាងជើង​នៅ​ក្រៅ​ប្រទេស​បន្ត​ប្រើ​អត្ត​សញ្ណាណ​និង​សញ្ជាតិ​ក្លែងបន្លំ​ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម​អន្តរជាតិ​ ហើយ​រក​ប្រាក់​នៅ​​ក្រៅប្រទេស​ដើម្បី​ជួយ​ទ្រទ្រង់​កម្មវិធី​កាំជ្រួច​ផ្លោង​និង​សព្វាវុធ​មហា​ប្រល័យ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។​យើង​ក៏​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​វិធី​ដែល​កូរ៉េខាងជើង​គាំទ្រ​កម្មវិធី​​ទាំងនេះ​តាមរយៈ​លួច​លុយ​និង​លាង​លុយ ព្រមទាំង​ការប្រមូល​ព័ត៌មាន​តាមរយៈ​សកម្ម​ភាព​អេឡិចត្រូនិច​ខុសច្បាប់​»​។​

​តំណាង​ទាំង​បី​បាន​អះអាង​ថា កូរ៉េ​ខាងជើង​បាន​លួច​លុយ​អេឡិចត្រូនិច​(​លុយ​គ្រីប​តូ​)​ដល់​ទៅ​១,៧​ពាន់​លាន​ដុល្លារ​គ្រាន់តែ​ឆ្នាំ​មុន​តែ​មួយ​៕

​ក្រោយ​កិច្ចប្រជុំ​ត្រី​ភាគី​នៅ​ក្រុង​សេ​អ៊ូ​ល តំណាង​ប្រទេស​សម្ពន្ធមិត្ត​ទាំង​បី​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​កាំជ្រួច​ផ្លោងរបស់​កូរ៉េខាងជើង​ផ្ទួនៗ ព្រមទាំង​ពាក្យសម្តី​គំរាម​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​