ដោយៈ សុផល / ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កែប រតនគិរី កំពង់ចាម ត្បូងឃ្មុំ តាកែវ និងរាជធានីភ្នំពេញ បានបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានចុះអនុវត្តការងារ គូសគំនូសចែកទ្រូងផ្លូវ គំនូសសញ្ញាចរាចរណ៍ ដាំបង្គោលសញ្ញាចរាចរណ៍ លាបថ្នាំបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ លុបសំបុកមាន់ សាងសង់ និងស្តារប្រព័ន្ធលូ/ប្រឡាយ អ៊ុតកៅស៊ូបន្ថែម (Reseal)

ក្រៅពីនេះ ក្រុមការងារ បានកៀរបង្ហាប់លើកំណាត់ផ្លូវជាតិ មួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៥ លេខ៥៧B លេខ៥៧B លេខ៥៦D លេខ៥៨ លេខ៥៩ លេខ៩ លេខ៦២ លេខ៩៤ លេខ៣៣A លេខ៧៦ លេខ៧៨ លេខ៦ លេខ៧ លេខ៦០ លេខ៦១ លេខ៧០លេខ៧១ លេខ៧២ លេខ៧៣ ដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវ មកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើស ទម្ងន់កម្រិតកំណត់ ដើម្បីរក្សាផ្លូវថ្នល់ ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់ បានយូរអង្វែង។

ប្រសិនបើផ្លូវថ្នល់ មានបញ្ហាខូចខាត ក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូន ប្រជាពលរដ្ឋ ទាញយកកម្មវិធីថែទាំផ្លូវ (Road Care) តម្លើងក្នុងទូរសព្ទដៃ និងធ្វើការរាយការណ៍ ដើម្បីក្រសួង អាចចាត់ក្រុមការងារបច្ចេកទេស ចុះទៅជួសជុល ថែទាំបានទាន់ពេលវេលា៕/V-PC