ដោយ:ដេប៉ូ/ភ្នំពេញ៖ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ “សៀវភៅមគ្គុទ្ទេសក៍ស្តីពីបន្លែនៅ ប្រទេសកម្ពុជា” បានចាប់ផ្តើមពីថ្ងៃទី ៧-៩ ខែមេសា ឆ្នាំ២០២៣ នាផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ។
លោកស្រីម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ឌិត នីតា ភរិយា លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីទូត វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមក្នុងព្រឹត្តការណ៍នេះ។
ថ្លែងក្នុងពិធីនេះលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា វេទិកាកេសរកូលជាតិត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃរបស់កេសរកូលព្រៃ និងលើកទឹកចិត្ត ដល់បណ្តាញអ្នកស្រលាញ់កេសរកូល ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាពិសេសគឺប្រភេទកេសរកូលព្រៃ។
ដោយឡែកក្នុងឆ្នាំ២០២៣ នេះ ក្រសួង បរិស្ថានបានរៀបចំពិព័រណ៍កេសរកូល នេះឡើងដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសានៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជននានា។
ពិព័រណ៍កេសរកូល នេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការតាំងបង្ហាញ និង ការពន្យល់ពីគុណតម្លៃរបស់កេសរកូលព្រៃនិងសារៈសំខាន់នៃការរៀបចំវេទិកាកេសរកូលជាតិ ការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល (Orchid Fashion Show) ការសម្តែងល្ខោនស្បែកតូច ការប្រគុំតន្ត្រី ការចាក់បញ្ចាំងវីដេអូខ្លីស្តីពីវឌ្ឍនភាពការងារអភិរក្សកេសរកូល និងភាពសម្បូបែបនិងគុណតម្លៃរបស់កេសរកូលព្រៃ និងជីវៈចម្រុះកម្ពុជា និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា។
ក្រៅពីនេះសម្រាប់ការតាំងពិព័រណ៍ ក៏បានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានារួមមាន កេសរកូលព្រៃ កេសរកូលបង្កាត់ រុក្ខជាតិតាំងលម្អ រុក្ខជាតិក្នុងសួន ប្រទាល រុក្ខជាតិឈើប្រណិតនិងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវៈចម្រុះ និងកេសរកូលជាដើម៕សរន